(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងការចូលរួមអបអរសាទរ ចំពោះមេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te ដែលទើបស្បថចូលកាន់តំណែងនាថ្ងៃចន្ទនេះ ដោយនិយាយថា រូបលោកទន្ទឹងរង់ចាំមើល ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ បន្តរួមដៃគ្នារក្សាសុខសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។
លោក Blinken បានបន្តថា ក្រៅពីសាទរលោក Lai សហរដ្ឋអាមេរិក ក៏សូមចូលរួមអបអរប្រជាជនតៃវ៉ាន់ផងដែរ ដែលជាថ្មីម្តងទៀត បានរួមគ្នាបង្ហាញអំពី ភាពនៃរឹងមាំនៃប្រព័ន្ធប្រជាធិបតេយ្យមិនងាយទ្រុឌទ្រោម និងស្វាហាប់របស់ពួកគេ។ លោកប្រមុខការទូតអាមេរិក បានបន្ថែមទៀតថា «ភាពជាដៃគូរវាង អាមេរិកនិងតៃវ៉ាន់ គឺឈរលើមូលដ្ឋាននៃគុណតម្លៃប្រជាធិបតេយ្យ ហើយបន្តរីកដុះដាលនិងកាន់តែស៉ីជម្រៅថែមទៀត នៅក្នុងវិស័យផ្សេងៗ រួមមានចាប់តាំងពីសេដ្ឋកិច្ច វប្បធម៌ រហូតដល់ចំណងទាក់ទងរវាងប្រជាជននិងប្រជាជន»។
ទន្ទឹមគ្នានោះ លោក Blinken ក៏បានឆ្លៀតឱកាសស្ងើចសរសើរមេដឹកនាំតៃវ៉ាន់ ដែលចប់អាណត្តិ គឺលោកស្រី Tsai Ing-wen ផងដែរ សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំ រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ក្នុងរយៈពេល៨ឆ្នាំមកនេះ។ ការស្បថចូលកាន់តំណែងរបស់លោក Lai គឺចំពេលដែលចិនបង្កើនសម្ពាធទាំងផ្នែកយោធា និងនយោបាយមកលើដែនកោះតៃវ៉ាន់ ហើយទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង ក៏មានការកើនឡើងថែមទៀត។
គួរបញ្ជាក់ថា អាមេរិក ពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិទេ ក្រោយទីក្រុងវ៉ាស៉ីនតោន បានងាកទៅទទួលស្គាល់ទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៧៩ ប៉ុន្តែនៅបន្តជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុត របស់កោះតៃវ៉ាន់៕