(បេរូត)៖ គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា បាន និងកំពុងបង្កភាពរំជើបរំជួលនៅទូទាំងតំបន់។ ព័ត៌មានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ មិនទាន់មានភាពប្រាកដប្រជានោះទេ ហើយក៏មិនទាន់ដឹងច្បាស់ថា តើលោក រ៉ៃស៊ី និងមន្ត្រីដទៃទៀត ដែលរួមដំណើរជាមួយលោកនៅរស់រានមានជីវិត ដែរឬក៏យ៉ាងណានោះទេ?
ខាងក្រោមនេះគឺព័ត៌មានសំខាន់ៗ ជុំវិញគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ដឹកលោកប្រធានាធិបតីអ៉ីរ៉ង់៖
* តើមាននរណាខ្លះជិះនៅលើឧទ្ធម្ភាគចក្រ ហើយតើពួកគេធ្វើដំណើរទៅណា?
ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។
លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។
* តើឧទ្ធម្ភាគចក្រធ្លាក់នៅទីណា និងយ៉ាងដូចម្ដេច?
មានសេចក្ដីរាយការណ៍ផ្សេងៗគ្នាថា ខ្លះថាឧទ្ធម្ភាចក្ររបស់លោក រ៉ៃស៊ី បានធ្លាក់ ខ្លះថាមានបញ្ហាក្នុងពេលចុះចតជាបន្ទាន់ នៅតំបន់ព្រៃ Dizmar ស្ថិនៅចន្លោះទីក្រុង Varzaqan និងទីក្រុង Jolfa ក្នុងខេត្ត East Azerbaijan ប្រទេសអ៉ីរ៉ង់ ស្ថិតនៅក្បែរព្រំដែនអាស៊ែបៃហ្សង់។ តែមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការធ្លាក់នោះទេ។
* តើប្រតិបត្តិការស៊ើបអង្កេតដំណើរការដល់ណា?
ក្រុមអ្នកជួយសង្រ្គោះបាននិយាយថាដោយសារកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ជាតំបន់ព្រៃភ្នំ និងមានអ័ព្ទខ្លាំងពេក បានបង្កការលំបាកដល់ប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះ។ ក្រុមអ្នកជួយសង្រ្គោះ ៤០នាក់បាន និងកំពុងធ្វើប្រតិបត្តិការរបស់ពួកគេ ទោះបីជាប្រឈមនឹងអាកាសធាតុលំបាក ដោយពួកគេត្រូវធ្វើប្រតិបត្តិការដោយថ្មើរជើង ដ្បិតអាកាសធាតុ អាក្រក់ មិនអំណោយផលដល់ប្រតិបត្តិការតាមរកតាមផ្លូវអាកាស។ នេះជាការបញ្ជាករបស់លោក Pir-Hossein Koulivand ជាប្រធានអឌ្ឍចន្ទក្រហមអ៉ីរ៉ង់។
* តើបើលោក រ៉ៃស៊ី ស្លាប់ តើនឹងប៉ះពាល់អ្វីដល់អ៉ីរ៉ង់?
លោក រ៉ៃស៊ី ត្រូវបានគេចាត់ទុកថាប្រៀបដូចជាកូនសិស្សរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ហើយក៏ជាមនុស្សម្នាក់ដែលគេរំពឹងថាអាចនឹងឡើងស្នង តំណែងជាមេដឹកនាំកំពូលអ៉ីរ៉ង់បន្តពីលោក Ali Khamenei នៅពេលអនាគតផងដែរ។ តាមច្បាប់អ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតីស្លាប់ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី ហើយការបោះឆ្នោតសកលថ្មីមួយនឹងត្រូវរៀបចំឡើងមិនឱ្យលើស៥០ថ្ងៃនោះទេ។
អនុប្រធានាធិបតីទី១របស់អ៉ីរ៉ង់សព្វថ្ងៃ គឺលោក Mohammad Mokhber។ យ៉ាងណាក៏ដោយ អ្នកជំនាញខ្លះដូចជាលោក Trita Parsi មកពីវិទ្យាស្ថាន Quincy Institute មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកបាននិយាយថា លោក Raisi មិនមែនជាប្រធានាធិបតីម្នាក់ដែលជាអ្នកសម្រេចលើកិច្ចការធំៗនោះទេ ដូច្នេះវានឹងមិនមានអ្វីប្រែប្រួលជាពិសេសអ្វីឡើយ ប្រសិនបើមានបញ្ហាអ្វីកើតឡើងលើ រូបលោក។ អ្នកជំនាញរូបនេះបន្ថែមថា ផ្ទុយពីអតីតប្រធានាធីបតីអ៉ីរ៉ង់ លោក Hassan Rouhani ដែលជាអ្នកដឹកនាំកិច្ចចរចានុយក្លេអ៊ែរជាមួយលោកខាងលិច លោក រ៉ៃស៊ីវិញ មិនមានកម្លាំងជំរុញអ្វីនៅពីក្រោយគោលយោបាយយុទ្ធសាស្ត្រសំខាន់របស់អ៉ីរ៉ង់ឡើយ។
គួរបញ្ជាក់ថា បណ្ដាប្រទេសមួយចំនួនរួមមានរុស្ស៉ី អ៉ីរ៉ាក់ និងកាតាជាដើមបានចេញសេចក្ដីថ្លែងការណ៍ផ្លូវការដោយបង្ហាញការព្រួយបារម្ភចំពោះជោគវាសនារបស់លោក រ៉ៃស៊ី និងបានផ្ដល់កិច្ចសហការក្នុងប្រតិបត្តិការជួយសង្រ្គោះ៕