(ខាគីវ)៖ មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ និង២៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
នេះគឺជាការវាយប្រហារចុងក្រោយបំផុតជាបន្តបន្ទាប់លើទីក្រុង Kharkiv និងតំបន់ជុំវិញរបស់វាដោយរ៉ុក្កែតរុស្ស៉ី និងគ្រាប់បែក ខណៈដែលកងទ័ពរុស្ស៊ីបានបើកការវាយលុកនៅភាគឦសាននៃតំបន់នោះ។
នៅថ្ងៃអាទិត្យនេះ ការវាយប្រហារដំបូងបានឆក់យកជីវិតមនុស្ស៥នាក់ និងរបួស ១៦នាក់ នៅក្នុងកន្លែងកម្សាន្តមួយនៅខាងក្រៅក្រុង Kharkiv។ ក្រោយមកនៅថ្ងៃដដែល មនុស្ស៥នាក់ផ្សេងទៀតបានស្លាប់ និង៩នាក់ទៀតរងរបួស នៅភូមិពីរក្នុងសង្កាត់ Kupiansk ។
យោងតាមអភិបាលក្នុងតំបន់ លោក Oleh Syniehubov បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើភូមិនានា ជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនដែលផលិតដោយខ្លួនឯង៕