(ហ្គាហ្សា)៖ យោងតាមអ្នកស្រុកបានឱ្យដឹងថា យន្តហោះ និងរថក្រោះអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបពេញមួយយប់ ខណៈពេលដែលទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានធ្វើដំណើរទៅកាន់តំបន់ចំពេលមានការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យអនុវត្តយុទ្ធនាការយោធា ដែលមានគោលដៅច្បាស់លាស់ជាងនេះនៅទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
យោងតាមសេតវិមានបានឱ្យដឹងថា លោក Sullivan គ្រោងនឹងជួបជាមួយមន្ត្រីអ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការកំណត់គោលដៅក្រុមសកម្មប្រយុទ្ធហាម៉ាស់ ជាជាងធ្វើការវាយលុកយ៉ាងទូលំទូលាយលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលជាទីជម្រកចុងក្រោយរបស់ជនភៀសខ្លួនប៉ាឡេស្ទីនជាង ១.៤លាននាក់។
អ៊ីស្រាអែល បាននិងកំពុងវាយលុកចូលក្នុងទីក្រុងនេះ ដែលខ្លួនអះអាងថាជាបន្ទាយចុងក្រោយរបស់កងកម្លាំងហាម៉ាស ខណៈប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានភៀសខ្លួនចេញពីទីក្រុងមួយនេះ។ បន្ថែមពីលើនេះ កងកម្លាំងអ៊ីស្រាអែល ក៏បានរុលចូលកាន់តែជ្រៅទៅក្នុងផ្លូវតូចចង្អៀតនៃទីក្រុង Jabalia នៅភាគខាងជើងហ្គាហ្សាផងដែរ ដែលជាជំរុំជនភៀសខ្លួនជាប្រវត្តិសាស្ត្រដ៏ធំបំផុតមួយរបស់តំបន់។
សេវាសង្គ្រោះបន្ទាន់ស៊ីវិលនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ. ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនជាតិប៉ាឡេស្ទីនចំនួន ១៥០នាក់ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល។ លើសពីនេះ ពួកគេបានកត់សម្គាល់ថា ផ្ទះចំនួន ៣០០ខ្នងត្រូវបានវាយប្រហារពីលើអាកាស និងដីគោករបស់អ៊ីស្រាអែលផងដែរ៕