(ណៃពិដោ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានប្រកាសថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ទើបតែដណ្តើមកាន់កាប់បានក្រុងទៀត នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស ពីដៃកងកម្លាំងរដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។
ការប្រយុទ្ធគ្នាបានអង្រួនរដ្ឋ Rakhine ចាប់តាំងតែពីក្រុមចលនា Arakan Army (AA) បានបើកយុទ្ធនាការវាយប្រហារលើ ទីតាំងរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈវាគឺជាការបិទបញ្ចប់ទាំងស្រុង នូវបទឈប់បាញ់មិនសូវរឹងមាំមួយ ដែលត្រូវបានអនុវត្តក្រោយរដ្ឋប្រហារយោធា ឆ្នាំ២០២១។ ក្រុម AA ដណ្តើមបានទឹកដីជាបន្តបន្ទាប់ រួមមានទាំងនៅតាមព្រំប្រទល់ជាប់ប្រទេសឥណ្ឌានិងបង់ក្លាដែស ដែលជាការដាក់សម្ពាធបន្ថែមលើរបបសឹក ដ្បិតកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បាននិងកំពុងតែប្រយុទ្ធតតាំងជាមួយ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចដទៃទៀត នៅតំបន់ផ្សេងទៀតពាសពេញប្រទេស ផងដែរ។
ក្រុម AA បានអះអាងថា ពួកគេទើបដណ្តើមបានមូលដ្ឋានទាំងអស់ របស់យោធាមីយ៉ាន់ម៉ា នៅក្រុង Buthidaung នៅភាគខាងជើងរដ្ឋ Rakhine ក្នុងនោះរួមមានទាំងទីស្នាក់ការយុទ្ធសាស្រ្ត ខណៈក្រុមអ្នកប្រយុទ្ធរបស់ពួកគេ កំពុងបន្តប៉ះទង្គិចជាមួយកងទ័ពមីយ៉ាន់ម៉ា នៅតាមតំបន់ជាយក្រុង។ ក្រុង Buthidaung មានទីតាំងនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Sittwe ដែលជារដ្ឋធានីរបស់រដ្ឋ Rakhine និងដែលបន្តស្ថិតក្រោមការគ្រប់គ្រងរបស់យោធា នៅឡើយ។
គួរបញ្ជាក់ថា បើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ កាលពីខែមេសា សកម្មភាពប្រយុទ្ធគ្នា បានរីករាលដាលសឹងតែនៅទូទាំងរដ្ឋ Rakhine គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ខណៈមនុស្សរាប់រយនាក់បានស្លាប់និងរបួស ហើយជាង៣០០,០០០នាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួន៕