(ហ្សូរិច)៖ ប្រទេសអូទ្រីស នឹងបញ្ចេញថវិកាដល់ទីភ្នាក់ងារជួយសង្គ្រោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) ក្រោយការផ្អាកបន្ទាប់ពីបុគ្គលិកនៃទីភ្នាក់ងារនេះ រងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហ៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ ២០២៤។

ការសម្រេចរបស់ទីក្រុងវីយែន កើតមានឡើងបន្ទាប់ពី UNRWA បានដាក់ចេញនូវផែនការសកម្មភាពមួយដើម្បីធានាបាននូវភាពមិនលំអៀង ពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងកែលម្អរបៀបតាមដានដែលបុគ្គលិករបស់ខ្លួន។ ក្រសួងការបរទេសអូទ្រីស បានបញ្ជាក់ថា «ក្រោយវិភាគយ៉ាងហ្មត់ចត់លើផែនការ យើងនឹងបញ្ចេញមូលនិធិដល់ UNRWA ឡើងវិញ។ មូលនិធិសរុបចំនួន ៣.៤លានអឺរ៉ូ ឬស្មើនឹង ៣.៧០លានដុល្លារ ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៤ ដោយការទូទាត់លើកដំបូងនឹងត្រូវធ្វើឡើងនៅក្នុងរដូវក្តៅ»

គួរបញ្ជាក់ថា អូទ្រីស គឺជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ជំនួយដ៏ទៃទៀតដែលរួមចំណែកដល់ការបង្កកមូលនិធិចំនួន ៤៥០លានដុល្លារ បន្ទាប់ពីអ៉ីស្រាអែល ចោទប្រកាន់ថាបុគ្គលិក UNRWA ចំនួន១២នាក់បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបង្កជាសង្រ្គាមនៅតំបន់ហ្កាហ្សា៕