(ហ៊ូស្ដុន, សហរដ្ឋអាមេរិក)៖ ក្រុមមន្ត្រីក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ នៅក្នុងទីក្រុង Houston នៃរដ្ឋ Texas បានកើនដល់ ៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Houston ដែលជាទីក្រុងធំទី៤របស់សហរដ្ឋអាមេរិក បានរងការវាយប្រហារដោយព្យុះដែលនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ក្នុងល្បឿន ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបណ្ដាលឱ្យដើមឈើជាច្រើនដើមបាក់រលំ។ តាមក្រុមមន្ត្រីក្នុងទីក្រុង Houston អ្នកស្លាប់៣នាក់បន្ថែមទៀតនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងនោះមាន ស្ត្រីម្នាក់អាយុ៨៥ឆ្នាំ ដែលបានស្លាប់បន្ទាប់ពីផ្ទះចល័តរបស់គាត់ត្រូវបានរន្ទះបាញ់បង្កជាភ្លើងឆាបឆេះ។ ចំណែក ជនរងគ្រោះម្នាក់ទៀតគឺជាស្ត្រីមានវ័យ៦០ឆ្នាំ និងបុរសម្នាក់អាយុ ៥៧ឆ្នាំ។

គួរបញ្ជាក់ថា​ សាលារៀននៅក្នុងទីក្រុង Houston ដែលមានប្រជាជនជាង ២.៣លាននាក់រស់នៅ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ននៅថ្ងៃសុក្រនេះ ហើយបុគ្គលិក មួយចំនួនត្រូវបានតម្រូវឱ្យសម្រាកនៅផ្ទះជាបណ្ដោះអាសន្ន៕