(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ ដើម្បីជួបពិភាក្សាជាមួយ ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ហើយនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល នៅថ្ងៃអាទិត្យ ដើម្បីជួបលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថាលោក Sullivan នឹងសង្កត់ធ្ងន់នៅក្នុងជំនួបរបស់លោកជាមួយក្រុមមន្ត្រី និងថ្នាក់ដឹកនាំ អ៉ីស្រាអែល ពីតម្រូវការចាំបាច់តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាសក្នុងតំបន់ហ្កាហ្សា តាមមធ្យោបាយកំណត់គោលដៅជាក់លាក់ ជំនួសឱ្យការបើកការវាយប្រហារទ្រង់ទ្រាយធំលើ ទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា។
លោក Kirby បន្តទៀតថាលោក Sullivan នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់ bin Salman នឹងពិភាក្សាគ្នាពីបញ្ហាទ្វេភាគី និងនៅក្នុងតំបន់ ក្នុងនោះរួមមានទាំងសង្រ្គាមហ្កាហ្សា និងកិច្ចប្រឹងប្រែងសព្វថ្ងៃ ក្នុងការស្វែងរកសន្តិភាពយូរអង្វែង និងសន្តិសុខក្នុងតំបន់ទាំងមូល។
គួរបញ្ជាក់ថា បើតាមលោក John Kirby នៅក្នុងជំនួបរបស់លោក Sullivan ជាមួយលោក Netanyahu និងមន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលដទៃទៀត ក៏នឹងរួមបញ្ចូលប្រធានបទទីក្រុង Rafah ផងដែរ។ អ៉ីស្រាអែលបានព្រមានម្ដងហើយម្ដងទៀតថា នឹងបើការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងមួយនេះ ខណៈសហរដ្ឋអាមេរិកបានបង្ហាញជំទាស់ដោយសារតែព្រួយបារម្ភពី សុវត្ថិភាពជនភៀសខ្លួនប៉ាឡេស្ទីនជាង ១លាននាក់ កំពុងជ្រកកោនក្នុងទីក្រុងជាប់ព្រំដែនអេហ្ស៉ីបមួយនេះ៕