(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យចិន និងបណ្ដាប្រទេស Global South ទាំងអស់ចូលរួមក្នុងកិច្ចប្រជុំកំពូល ស្ដីពីសន្តិភាព ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសស្វីស នៅខែក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋាភិបាលស្វីស បានប្រកាសរួចហើយថាខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន នៅពាក់កណ្ដាលខែមិថុនាខាងមុខ ប៉ុន្តែ បានបញ្ជាក់ថារុស្ស៉ីនឹងមិនមានវត្តមានចូលរួមនោះទេ។ ម្យ៉ាងវិញទៀត គេក៏មិនទាន់ច្បាស់នោះដែរថាចិននឹងចូលរួមឬក៏អត់ ដោយកន្លងមកប៉េកាំង បាននិយាយថាមានកិច្ចការជាច្រើនត្រូវដោះស្រាយជាមុនសិន មុននឹងរៀបចំកិច្ចប្រជុំកំពូល ហើយថាភាគីពាក់ព័ន្ធទាំងឡាយក្នុងនោះរួមមានទាំងរុស្ស៉ី គួរតែមានវត្តមានចូលរួមដែរ។

ជុំវិញបញ្ហានេះដែរ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «មេដឹកនាំចិនជឿថាប្រសិនបើរុស្ស៉ីចាញ់សង្រ្គាម...នោះវាគឺជាជ័យជម្នះសម្រាប់សហរដ្ឋអាមេរិក ជាជ័យជម្នះសម្រាប់លោកខាងលិច ហើយពួកគេចង់ ស្វែងរកតុល្យភាពមួយរវាងភាគីទាំង២ (ចិន និងលោកខាងលិច) ដូច្នេះហើយទើបខ្ញុំចង់ឃើញចិនចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចក្នុងប្រទេសចិនជាទីដែលលោក និងលោកប្រធានាធិបតី ស៊ី ជីនពីង បានអះអាងថាទំនាក់ទំនងរវាងប្រទេសទាំង២ មិនត្រឹមតែបម្រើចំពោះផលប្រយោជន៍មូលដ្ឋាន នៃប្រទេសទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកចំពោះសន្តិភាពពិភពលោកផងដែរ៕