(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា រុស្ស៊ីកំពុងពិចារណាលើការផ្តល់ប្រេង និងឧស្ម័នទៅកាន់ប្រទេសចិន តាមរយៈបំពង់បង្ហូរឧស្ម័នដែលបានស្នើឡើងឆ្លងកាត់ប្រទេសម៉ុងហ្គោលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន លោក ពូទីន បានបង្ហាញពីចំណាប់អារម្មណ៍ទៅវិញទៅមក ជាមួយប្រទេសម្ចាស់ផ្ទះ ក្នុងការជំរុញគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នថ្មីដែលគេស្គាល់ថា ជាថាមពលនៃស៊ីបេរីទី២ ឬ the Power of Siberia 2។ លោកបានបញ្ជាក់ថា គំនិតនេះត្រូវបានពិភាក្សាពីមុនមក ក្នុងឆ្នាំ២០១៨។

លើសពីនេះ លោក ពូទីន បានចង្អុលបង្ហាញពីជម្រើសជំនួស សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីដល់ប្រទេសចិន រួមទាំងការដឹកជញ្ជូនតាមកប៉ាល់តាមរយៈផ្លូវឆ្លងកាត់សមុទ្រខាងជើងអាក់ទិកផងដែរ។

ថ្វីបើមានសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ លោក ពូទីន នេះក៏ដោយ ក៏រុស្ស៊ី និងចិនមិនទាន់អនុម័តកិច្ចព្រមព្រៀងមួយ ដើម្បីឆ្ពោះទៅមុខជាមួយគម្រោង Power of Siberia 2 នេះនៅឡើយទេ។ រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Alexander Novak បានសម្តែងការរំពឹងទុករបស់លោកថា កិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។

គម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នដែលបានស្នើឡើងនេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសរុស្ស៊ី ខណៈដែលខ្លួនស្វែងរកការបង្កើនការនាំចេញឧស្ម័នទៅកាន់ប្រទេសចិន ចំពេលមានការធ្លាក់ចុះ នៃការនាំចេញទៅកាន់អឺរ៉ុប ដោយសារតែជម្លោះនៅអ៊ុយក្រែន។ លោក ពូទីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងនេះ ក្នុងការបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ហើយបានចាត់ទូកប្រទេសរុស្ស៊ីថា ជាអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

ប្រធានាធិបតីរុស្ស៉ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ប្រតិបត្តិការដោះដូរពាណិជ្ជកម្ម នឹងត្រូវបានអនុវត្តជារូបិយប័ណ្ណជាតិ ដោយធានាបាននូវភាពបត់បែននៅពេលប្រឈមមុខ នឹងការដាក់ទណ្ឌកម្មដែលកើតមានឡើង ពីសំណាក់ប្រទេសលោកខាងលិច។

គួរជម្រាបថា បំពង់បង្ហូរប្រេងដែលបានស្នើឡើងនេះ មានគោលបំណងដឹកជញ្ជូនឧស្ម័នចំនួន ៥០ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ចេញពីតំបន់ Yamal របស់រុស្ស៊ី ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងបំពង់បង្ហូរ Nord Stream 1 ដែលត្រូវបានខូចខាតដោយការផ្ទុះនៅឆ្នាំ២០២២៕