(ប៉ារីស)៖ ប៉ូលីសបារាំង បានបាញ់សម្លាប់បុរសប្រដាប់អាវុធម្នាក់ ដែលបានដុតព្រះវិហារជនជាតិជ្វីហ្វមួយកន្លែង នៅទីក្រុង Rouen ស្ថិតភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

អភិបាលក្រុង Rouen លោក Nicolas Meyer-Rossignol បាននិយាយថា ព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអគ្គីភ័យ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។ លោកបានបន្ថែមថា ជនល្មើស ដែលបានឡើងទៅលើព្រះវិហារ ហើយបានបោះអ្វីមួយដែលមើលទៅដូចជាស្រាក្រឡុក Molotov ចូលទៅក្នុងសាលអធិស្ឋានធំ» ត្រូវបានបាញ់ដោយប៉ូលីស បន្ទាប់ពីបដិសេធមិនព្រមសហការណ៍។

ទោះជាយ៉ាងណា អត្តសញ្ញាណជនល្មើសនៅតែត្រូវការបញ្ជាក់បន្ថែម ខណៈដែលមានតែប័ណ្ណដឹកជញ្ជូនសាធារណៈក្នុងតំបន់តែមួយគត់ ដែលបានរកឃើញនៅលើខ្លួនជនល្មើស។

គួរជម្រាបថា ប្រទេសបារាំង ក៏ដូចជាប្រទេសជាច្រើននៅទូទាំងទ្វីបអឺរ៉ុប បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃសកម្មភាពប្រឆាំងនឹងពួកជ្វីហ្វ ចាប់តាំងពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាសនៅថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល និងការលុកលុយរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាជាការឆ្លើយតប៕