(គៀវ)៖ ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាស Belbek ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ក្នុងតំបន់គ្រីមៀ (Crimea) បានបំផ្លាញយន្តហោះចម្បាំងរុស្ស៊ីចំនួន៣គ្រឿង និងកន្លែងផ្ទុកប្រេងឥន្ធនៈមួយកន្លែងនៅក្បែរផ្លូវរត់ធំរបស់យន្តហោះក្នុងសប្តាហ៍នេះ។ នេះបើតាមក្រុមហ៊ុនផ្កាយរណបពាណិជ្ជកម្មអាមេរិក Maxar ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
រូបភាពពីផ្កាយរណបដែលថតបានកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ការវាយប្រហារបានបំផ្លាញយន្តហោះចម្បាំងរុស្ស៊ីចំនួន៣គ្រឿង រួមទាំងយន្តហោះចម្បាំងប្រភេទ MiG-31 ចំនួនពីរគ្រឿង និងយន្តហោះចម្បាំងប្រភេទ Su-27 ចំនួនមួយគ្រឿង ហើយបានបន្ថែមថា យន្តហោះចម្បាំងប្រភេទ MiG-29 មួយគ្រឿងផ្សេងទៀត ក៏ទំនងជាត្រូវបានខូចខាតផងដែរ។ ទន្ទឹមគ្នានេះ កន្លែងចាក់សាំងមួយកន្លែងនៅជិតផ្លូវរត់ធំ ក៏ត្រូវបានបំផ្លាញដែរ។
ទោះបីជាមានការបំផ្លិចបំផ្លាញក៏ដោយ ក៏អ៊ុយក្រែនមិនបានប្រកាសទទួលខុសត្រូវជាសាធារណៈ ចំពោះការវាយប្រហារលើមូលដ្ឋានទ័ពអាកាសនេះទេ។ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនបានធ្វើការវាយប្រហារពេញមួយយប់លើឧបទ្វីបគ្រីមៀ ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS ចំនួនប្រាំគ្រាប់។ ហើយកាលពីថ្ងៃមុននេះមួយថ្ងៃ ក្រសួងក៏បានប្រកាសពីការស្ទាក់ចាប់មីស៊ីលប្រភេទដដែលនេះចំនួន ១០គ្រាប់ផងដែរ ដែលកំណត់គោលដៅលើឧបទ្វីបគ្រីមៀ ប៉ុន្តែមិនបានរាយការណ៍ពីការខូចខាត ដល់កន្លែងយោធានៅក្នុងឧប្បត្តិហេតុទាំងពីរខាងលើនោះទេ។
គួរជម្រាបថា អ៊ុយក្រែនបានងាកទៅរកការប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅយុទ្ធសាស្ត្រនៅពីក្រោយជួរមុខ រួមទាំងឧបទ្វីបគ្រីមៀ ដែលកងកម្លាំងរុស្ស៊ីដណ្តើមបាន និងបញ្ចូលក្នុង ២០១៤ផងដែរ។ ការវាយប្រហារនាពេលថ្មីៗនេះ បង្ហាញពីជម្លោះដែលកំពុងបន្ត មានសភាពកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ដោយអ៊ុយក្រែនបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការឈានដល់គោលដៅយោធាសំខាន់ៗ ដែលនៅឆ្ងាយពីសមរភូមិជួរមុខ៕