(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ បានប្រកាសឱ្យដឹងថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគ យ៉ាងហោច១គ្រាប់ ចេញពីឆ្នេរភាគខាងកើតប្រទេសរបស់ខ្លួន ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។

ខាងទីក្រុងសេអ៊ូល មិនបានបញ្ជាក់លម្អិតជាងនេះទៀតឡើយ ខណៈអំឡុងពេលប៉ុន្មានខែមកនេះ ប្រទេសកូរ៉េខាងជើង បានធ្វើសកម្មភាព​បាញ់សាកល្បងមីស៉ីលបាលិស្ទីគ មីស៉ីលគ្រូស ព្រមទាំងរ៉ុក្កែតតាក់ទិក ចម្រុះជាច្រើនប្រភេទ ហើយបានអះអាងថា ពួកវាគឺជាផ្នែកនៃកម្មវិធីមួយ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។ នៅថ្ងៃសុក្រនេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម​ ជុងអ៊ុន ទើបតែបានចេញមុខនិយាយថា រ៉ុក្កែតតាក់ទិករបស់កូរ៉េខាងជើង មានគោលដៅតែមួយគត់ គឺដើរតួនាទីជាវត្ថុសម្រាប់ទប់ស្កាត់ ការគំរាមកំហែងផ្នែកយោធា​ពីសំណាក់កូរ៉េខាងត្បូង ហើយអ្នកនាងក៏បានបដិសេធផងដែរ នូវការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងនាំចេញសព្វាវុធទាំងនេះ ទៅកាន់ប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ការបាញ់មីស៉ីលខាងលើ កើតមានឡើងក្រោយកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី ដែលបំពាក់ក្បាលគ្រាប់ធំ ទំហំ៦០០មីលីម៉ែត្រ ចូលសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ៕