(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ី បានសម្រេចបណ្តេញអនុព័ន្ធយោធាអង់គ្លេស ចេញពីប្រទេស ហើយសន្យាដាក់ចេញវិធានការបន្ថែមទៀត ជាការសងសឹកចំពោះចក្រភពអង់គ្លេស ដែលបានធ្វើបែបនេះចំពោះរុស្ស៉ីដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០២៤។

កាលពីថ្ងៃទី៨ ខែឧសភា ចក្រភពអង់គ្លេស បានប្រកាសថា ខ្លួនបានចេញបទបញ្ជាឱ្យអនុព័ន្ធយោធារុស្ស៉ីប្រចាំនៅទីនោះ ចាកចេញពីប្រទេស​របស់ខ្លួន ដោយសង្ស័យថា ជាមន្រ្តីចារកម្មយោធា។ ទីក្រុងមូស្គូ ចាត់ទុកថា នេះជាចំណាត់ការដែលមានលក្ខណៈនយោបាយ និងបង្ហាញយ៉ាងច្បាស់ នូវនិន្នាការស្អប់ខ្ពើមរើសអើងចំពោះរុស្ស៉ី ដែលបង្កការខូចខាត មិនអាចជួសជុលបានចំពោះទំនាក់ទំនងទ្វេភាគី។ អនុព័ន្ធយោធាអង់គ្លេស លោក Adrian Coghill ត្រូវបានផ្តល់ពេលមួយសប្តាហ៍ឱ្យចាកចេញពីប្រទេសរុស្ស៉ី។ ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ថា វានឹងមិនមែនជាការបញ្ចប់នៃបញ្ហានេះទេ ហើយចក្រភពអង់គ្លេសនឹងត្រូវបានជូនដំណឹង អំពីជំហានសងសឹកបន្ថែមទៀត។

គួរបញ្ជាក់ថា ទំនាក់ទំនងរុស្ស៉ី និងអង់គ្លេស បានធ្លាក់ចុះតាំងពីមុនសង្រ្គាមអ៊ុយក្រែនម្ល៉េះ ហើយកាន់តែធ្ងន់ធ្ង រទៅនៅពេលសង្រ្គាមផ្ទុះឡើង។ អង់គ្លេសក៏បានដើរតួនាទី ជាអ្នកគាំទ្រដ៏សំខាន់សម្រាប់អ៊ុយក្រែន រួមទាំងការផ្តល់អាវុធ៕