(មូស្គូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៦ ខែឧសភានេះ បានក្រាលកម្រាលព្រំក្រហម ទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន សម្រាប់កិច្ចប្រជុំកំពូលក្នុងទីក្រុងប៉េកាំង ជាទី ដែលមេដឹកនាំមហាអំណាចទាំង២ ដែលសុទ្ធសឹងជាគូសត្រូវភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងបង្ហាញពីសាមគ្គីភាពនឹងគ្នាទៅកាន់ពិភពលោក។ ប៉ុន្តែទាំងលោក ពូទីន និងលោក ស៊ី ជីនពីងមានរបៀបវារៈខុសគ្នា។ លោក ពូទីនកំពុងព្យាយាមបង្កើនការធ្វើសង្រ្គាមរបស់លោកនៅអ៊ុយក្រែនឱ្យបានមុន កងកម្លាំងអ៊ុយក្រែនទទួលបានអាវុធក្រោមកញ្ចប់ជំនួយថ្មី ពីសហរដ្ឋអាមេរិក ហើយក៏ទំនងជាចង់ធ្វើតេស្តមើលផងដែរថាតើលោកអាចពឹងផ្អែកលើចិនបានដែរ ឬក៏អត់?

ចំណែកឯ លោក ស៊ី ជីនពីងវិញ នឹងព្យាយាមពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងចំណងមិត្តភាពជាមួយលោក ពូទីន ក្នុងពេលដំណាលគ្នាដែលចិនកំពុងប្រឹងប្រែងបញ្ចៀសការបែកបាក់ ក្នុងទំនាក់ទំនង ជាមួយលោកខាងលិច ជុំវិញការគាំទ្ររបស់លោកដល់រុស្ស៉ី។ បញ្ហាទាំងនេះអាចជាហេតុផលនៅពីក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពេល ២ថ្ងៃរបស់លោក ពូទីន ដែលបានចាប់ផ្ដើមក្នុងទីក្រុង ប៉េកាំងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង Harbin ស្ថិតនៅភាគឦសានប្រទេសចិន ជាទីដែលពិព័ណ៌ពាណិជ្ជកម្មចិន-រុស្ស៉ី​ បានប្រព្រឹត្តទៅ។ នៅទីក្រុងប៉េកាំង លោក ពូទីនត្រូវបានរំពឹងថាស្នើសុំជំនួយបន្ថែមពីប៉េកាំង ដែលបាន និងកំពុងផ្ដល់ដង្ហើមដកខ្លះៗឱ្យវិមានក្រឹមឡាំង ចាប់តាំងពីលោកខាងលិចរួមគ្នាដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជាការដាក់ទោសសម្រាប់ការឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាង ២ឆ្នាំមកនេះ។

ចិនបានទិញប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីរុស្ស៉ី និងកំពុងផ្ដល់បច្ចេកវិទ្យាដែលអាចជួយទីក្រុងមូស្គូទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច និងបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោក ស៊ី ជីនពីង បានចាត់ទុករុស្ស៉ីជាដៃគូដ៏សំខាន់ ដើម្បីជួយជាកម្លាំងប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ តែខណៈកំពុងសាងរាត្រីទឹកឃ្មុំជាមួយលោក ពូទីន លោក ស៊ី ជីនពីង ក៏កំពុងប្រថុយនឹងការបែកបាក់ ទំនាក់ទំនងជាមួយអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងពេលចិនកំពុងពឹងផ្អែកលើវិស័យនាំចេញដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅក្នុងស្រុក។

* ទំនាក់ទំនងផ្ទាល់ខ្លួន និងចក្ខុវិស័យរួម
ដំណើរទស្សនកិច្ចនៅប៉េកាំង គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ពូទីន ចាប់តាំងពីលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ក្នុងអាណត្តិទី៥ កាលពី ខែមីនាកន្លងទៅ។ លោក ស៊ី ជីនពីង ក៏ធ្លាប់បានធ្វើដូចជាលោក ពូទីននេះដែរ នៅពេលជ្រើសរើសយករុស្ស៉ីជាគោលដៅធ្វើទស្សនកិច្ចក្រៅប្រទេសលើកដំបូង បន្ទាប់ពីត្រូវបានជ្រើសតាំងជា ប្រធានាធិបតីចិនក្នុងអាណត្តិទី៣ កាលពីខែមីនា ឆ្នាំ២០២៣។ លោក ស៊ី ជីនពីង បានជួបលោក ពូទីន ច្រើនជាង៤០ដងមកហើយ ក្នុងនោះរួមមានទាំងជំនួបតាមប្រព័ន្ធអនឡាញ ពោលគឺជួបលោក ពូទីន ច្រើនជាងជួបមេដឹកនាំណាៗទាំងអស់នៅលើពិភពលោក។ មេដឹកនាំទាំង២ថែមទាំងបានពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនដោយហៅគ្នាទៅវិញទៅមកថា «ជាមិត្តចាស់ និងមិត្តសម្លាញ់» ទៀតផង។ សម្រាប់លោក ពូទីន លោក ស៊ី ជីនពីង ជាមេដឹកនាំម្នាក់មានចិត្តគំនិតស្រដៀងគ្នានឹងលោក និងមានសត្រូវរួមគ្នាគឺ សហរដ្ឋអាមេរិក។ លោក ពូទីន និងលោក ស៊ី ជីនពីងបានប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោក ពូទីនបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីប្រឆាំងនឹងអ្វីដែលមេដឹកនាំទាំង២យល់ស្របគ្នាថា អនុត្តរភាពរបស់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោក ពូទីន និងលោក ស៊ី ជីនពីង បានចាត់ទុកខ្លួនឯងជាអ្នកកសាងសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលគ្មានការលូកលាន់ពីសហរដ្ឋអាមេរិក តាមរយៈការលើកកម្ពស់ «ប្លុកពហុភាគីនិយម» នៃប្រទេសកំពុងអភិវឌ្ឍដូចជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និង BRICS មានសមាជិកដូចជាប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជាមធ្យោបាយទប់ទល់ជាមួយលោកខាងលិច។

ដូច្នេះលោក ពូទីន និងលោក ស៊ី ជីនពីង នឹងព្យាយាមបង្ហាញពីភាពរឹងមាំ និងសាមគ្គីភាពអំឡុងកិច្ចប្រជុំរវាងមេដឹកនាំទាំង២ ដើម្បីបង្ហាញទៅដល់ប្រទេសដទៃថាមានប្រព័ន្ធថ្មីមួយ អាចជំនួសប្រព័ន្ធ សកលសព្វថៃ ដឹកនាំដោយសហរដ្ឋអាមេរិក។ «ទំនាក់ទំនងរវាងរុស្ស៉ី និងចិនបានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលាទាំងអស់ ហើយបើទោះជាកំពុងប្រឈមនឹងស្ថានការណ៍អន្តរជាតិដ៏លំបាក ក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំង២ នឹងបន្តរឹងមាំជានិច្ច»។ នេះជាការលើកឡើងរបស់លោក ពូទីន ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចេញផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា។

* តើលោក ពូទីន ចង់បានអ្វី?
ចិនបានសន្យាថានឹងមិនផ្ដល់អាវុធសម្លាប់ជីវិតមនុស្សឱ្យរុស្ស៉ីនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងក្រុមអ្នកវិភាគលោកខាងលិចបាននិយាយថាចិនបាន និងកំពុងជួយរុស្ស៉ីជាមួយផ្កាយរណបស៊ើបការណ៍ និងបរិក្ខារយន្ដហោះចម្បាំង រួមទាំងផ្គត់ផ្គង់សម្ភារៈដែលអាចប្រើប្រាស់បានទាំងស៊ីវិល និងយោធាដូចជា microchips electronic sensors និងទូរគមនាគមន៍ជាដើម។ លោក ពូទីន ត្រូវបានគេរំពឹងថា ទំនងជានឹងចង់បានការគំាទ្ររបៀបនេះបន្តទៅទៀតពីចិន ដើម្បីរក្សាភាពរីកចម្រើននៃយោធារបស់លោក ខណៈលោកកំពុងបង្កើនការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ កងកម្លាំងរុស្ស៉ីបានបើកសមរភូមិថ្មីមួយ នៅតំបន់ Kharkiv កាលពីសប្ដាហ៍មុន ក្នុងពេលដែលជំនួយអាវុធថ្មីពីសហរដ្ឋអាមេរិកនឹងត្រូវបញ្ជូនទៅដល់ដៃកងទ័ពអ៊ុយក្រែនឆាប់ៗនេះ។

លោក ពូទីន ក៏ត្រូវបានរំពឹងដែរថានឹងស្វែងរកកិច្ចព្រមព្រៀងបន្ថែមលើពាណិជ្ជកម្ម។ តួយ៉ាង លោក ពូទីន ចង់បានជាយូរណាស់មកហើយនូវការពង្រឹងកិច្ចព្រមព្រៀងស្ដីពីបំពង់បង្ហូរឧស្ម័ន Siberia 2 ដែលបង្វែរប្រេងដែលត្រូវបានបង្ហូរទៅកាន់អឺរ៉ុប ឆ្ពោះទៅចិនជំនួសវិញ។ តែវាមិនទាន់ច្បាស់នោះទេថាតើលោក ស៊ី ជីនពីងចាប់អារម្មណ៍លើបំពង់បង្ហូរប្រេងនេះ ឬក៏អត់។ តាមក្រុមអ្នកវិភាគ មេដឹកនាំចិនអាចនឹងមានភាពស្ទាក់ស្ទើរ ដោយសារតែបំពង់បង្ហូរប្រេងនេះនឹងត្រូវកាត់តាមប្រទេសទី៣ គឺម៉ុងហ្គោលី ហើយអាចនឹងធ្វើឱ្យចិនត្រូវជាប់ទណ្ឌកម្មបន្ទាប់បន្សំរបស់លោកខាងលិច និងអាចធ្វើឱ្យចិនពឹងផ្អែកខ្លាំងពេកលើរុស្ស៉ី ខាងថាមពល។

* ខ្លួនមួយចង់ជិះទូក ២
លោក ស៊ី ជីងពីង មានបំណងពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ីផង និងចង់បានទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយលោកខាងលិចផង ក្នុងពេលតែមួយដើម្បីប្រយោជន៍សេដ្ឋកិច្ចចិន ជាយុទ្ធសាស្ត្រមួយ ត្រូវបានគេហៅថា «ខ្លួនមួយចង់ជិះទូក២»។ ចិនតែងតែអះអាងជារឿយៗថាខ្លួនប្រកាន់យកជំហរអព្យាក្រឹតសី្ដពីសង្រ្គាមអ៊ុយក្រែន និងជាប្រទេសស្រឡាញ់សន្តិភាព ហើយដើម្បីជាសក្ខីកម្ម ប៉េកាំង បានបញ្ចេញផែនការ ១២ចំណុចស្ដីពីសន្តិភាពអ៊ុយក្រែនជាដំណោះស្រាយនយោបាយមួយ ដើម្បីស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម និងបានបញ្ជូនបេសកជនពិសេសដឹកនាំនាំកិច្ចការមួយនេះ ទៅកាន់បណ្ដាប្រទេសអឺរ៉ុបជាច្រើនលើក។

ក៏ប៉ុន្តែ បណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានច្រានចោលផែនការសន្តិភាពរបស់ចិន ដ្បិតអះអាងថាចិនមិនបានអំពាវនាវឱ្យកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីអ៊ុយក្រែន។ កន្លងមក ចិន បានបន្ទោសការពង្រីកខ្លួនរបស់បក្សសម្ព័ន្ធយោធា NATO ថាដើមហេតុបង្កជាភាពតានតឹង រហូតដល់ជំរុញឱ្យរុស្ស៉ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ការបដិសេធរបស់លោក ស៊ី ជីនពីង មិនថ្កោលទោស សង្រ្គាមរបស់រុស្ស៉ីបានធ្វើឱ្យទំនាក់ទំនងចិនជាមួយលោកខាងលិចស្គាល់ភាពល្អក់កករកាន់តែខ្លាំង និងជំរុញឱ្យអឺរ៉ុបកាន់តែបោះដៃទៅរកសហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខរបស់ពួកគេ។ ការខិតជិត របស់អឺរ៉ុបទៅរកសហរដ្ឋអាមេរិកនេះឯងបានធ្វើឱ្យកិច្ចប្រឹងប្រែងរបស់ចិន ដើម្បីបញ្ចៀសសង្រ្គាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ជុំវិញការនាំចេញរថយន្ដអគ្គិសនីចិន និងការបើកទីផ្សារទៅកាន់ ក្រុមហ៊ុនអឺរ៉ុប កាន់តែមានភាពលំបាកលំបិនសម្រាប់លោក ស៊ី ជីនពីង។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកក៏កំពុងកើនឡើងផងដែរ ហើយវានឹងក្លាយជាការធ្វើតេស្ដមួយលើការឯកភាពគ្នាបន្ធូរបន្ថយភាពតានតឹងរវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង ដែលត្រូវបានធ្វើឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ រដ្ឋបាលលោក បៃដិន កាលពីថ្ងៃអង្គារកន្លងទៅនេះបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិនជាច្រើនមុខ ក្នុងនោះមានទាំងរថយន្ដអគ្គិសនី ផ្ទាំងសូឡា និង semiconductors ជាដើម៕