(ប៉ារីស)៖ នៅក្នុងការវាយឆ្មក់ដ៏ហឹង្សាមួយទៅលើរថយន្តដឹកអ្នកទោសនៅជិតទីក្រុង Rouen រដ្ឋ Normandy បានបណ្តាលឱ្យមន្ត្រីពន្ធនាគារបារាំងពីរនាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលអ្នកទោសឈ្មោះ Mohamed Amra ត្រូវបានគេស្គាល់ថាជា "The Fly" កំពុងត្រូវបានបញ្ជូនពីតុលាការទៅកាន់ពន្ធនាគារ។ រថយន្ត​ពន្ធនាគារដែលដឹកអ្នកទោសនេះ ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀតបុក​ត្រង់ចំណុចឈប់បង់ប្រាក់ ហើយ​ខ្មាន់កាំភ្លើងក៏​បាន​បាញ់​រះ ដើម្បី​ជួយ​សម្រួល​ឱ្យ​ លោក Amra រត់គេច​ខ្លួន​។

លោក Amra កើតក្នុងឆ្នាំ ១៩៩៤ ថ្មីៗនេះត្រូវបានកាត់ទោសពីបទចោរកម្ម ហើយត្រូវបានចោទប្រកាន់ពីបទចាប់ជំរិតដែលនាំទៅដល់ការស្លាប់។ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមក្មេងទំនើងនៅទីក្រុង Marseille ដែលជាទីក្រុងល្បីល្បាញខាងអំពើហឹង្សាទាក់ទងនឹងគ្រឿងញៀន។ ការវាយឆ្មក់នេះបានកើតឡើងនៅម៉ោងប្រហែល ១១:០០ ម៉ោងក្នុងស្រុក នៅលើផ្លូវ A154។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង លោក Eric Dupond-Moretti បានរាយការណ៍ថា មន្ត្រីត្រូវបានវាយប្រហារដោយ «អាវុធធុនធ្ងន់»។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរនៅលើបណ្តាញសង្គម X ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់កំពុងត្រូវបានធ្វើឡើង ដើម្បីចាប់ខ្លួនជនល្មើស។ ប៉ូលិស និងអាវុធហត្ថជាច្រើនរយនាក់ត្រូវបានដាក់ពង្រាយ ដោយមានការបិទផ្លូវនៅទូទាំងភាគពាយព្យនៃប្រទេសបារាំង៕