(បេរូត)៖ ក្រុម Hezbollah នៃប្រទេសលីបង់ បានឱ្យដឹងថា ខ្លួនបានបាញ់រ៉ុក្កែតជាង៦០គ្រាប់នាថ្ងៃព្រហស្បតិ៍នេះ ទៅលើទីតាំងយោធា​របស់អ៉ីស្រាអែល ដើម្បីជាការសងសឹកវិញ ចំពោះសកម្មភាពវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មកលើតំបន់ភាគខាងកើតលីបង់ កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។

ក្រុម Hezbollah បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានបើកការវាយប្រហារដោយមីស៉ីល ជាមួយរ៉ុក្កែត Katyusha សរុបជាង៦០គ្រាប់ ទៅលើទីតាំងមួយចំនួនរបស់យោធាអ៉ីស្រាអែល នៅឯតំបន់ Golan Height។ ក្រុម Hezbollah បានបន្ថែមថា ការវាយប្រហារនេះ គឺជាការឆ្លើយតបចំពោះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពីវេលាយប់កន្លងទៅ នៅតំបន់ Baalbek ភាគខាងកើតលីបង់។

រីឯកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុម Hezbollah បានអះអាងថា ខ្លួនបានបាញ់យន្តហោះដ្រូន សំដៅទៅកាន់មូលដ្ឋានយោធាមួយកន្លែង នៅក្បែរទីក្រុង Tiberias របស់អ៉ីស្រាអែល ដែលជាការវាយលុកចូលយ៉ាងជ្រៅមួយ គិតចាប់តាំងពីការវាយប្រហារដាក់គ្នា​ទៅវិញទៅមក រវាងភាគីទាំងពីរបានចាប់ផ្តើម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ ចំណែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីស្រាអែលបានអះអាងថា ខ្លួនបាន​ផ្តាច់ជីវិតមេបញ្ជាការម្នាក់របស់ក្រុម Hezbollah នៅភាគខាងត្បូងលីបង់។

ការវាយប្រហារឆ្លងព្រំដែន បានសម្លាប់មនុស្សយ៉ាងហោច៤១៣នាក់ នៅខាងលីបង់ ដែលភាគច្រើនជាជនសកម្មប្រយុទ្ធ ប៉ុន្តែក៏រួមមាន​ជនស៉ីវិលរាប់សិបនាក់ ផងដែរ។ ចំណែកនៅខាងអ៉ីស្រាអែលវិញ គឺមានទាហានសរុប១៤នាក់ និងជនស៉ីវិលសរុប១០នាក់ស្លាប់។ មិនតែ​ប៉ុណ្ណោះ មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានបង្ខំឱ្យផ្លាស់ទី នៅតាមតំបន់ក្បែរព្រំប្រទល់រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា អ៉ីស្រាអែលនិង Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស បានវាយប្រហារដាក់គ្នាទៅវិញទៅមក សឹងតែរាល់ថ្ងៃ បន្ទាប់ពីការឆ្មក់វាយប្រហារ ដ៏ភ្ញាក់ផ្អើលរបស់ហាម៉ាស លើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន បានបង្កឱ្យផ្ទុះសង្រ្គាមដ៏បង្ហូរឈាម​នៅឯតំបន់ Gaza Strip ដែលនាពេលនេះកំពុងស្ថិតក្នុង ខែទី៨ហើយ៕