(មូស្គូ)៖ វិមានក្រឹមឡាំង បានចាត់ទុកផែនការនៃកិច្ចប្រជុំកំពូល ដែលស្វីសរំពឹងថានឹងត្រួសត្រាយផ្លូវ សម្រាប់ដំណើរការសន្តិភាព នៅអ៊ុយក្រែននោះ គឺឥតប្រយោជន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ ២០២៤។

ថ្មីៗនេះ រុស្ស៉ីនិយាយថា ខ្លួនឃើញថាគ្មានចំណុចណាមួយនៃកិច្ចប្រជុំ រៀបរាងដោយស្វីស ពិភាក្សាលើវិធីសាស្រ្ត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនឡើយ ហើយដែលសូម្បីតែរុស្ស៉ីក៏មិនត្រូវបានអញ្ជើញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែតក្នុងស្រុកថា «គ្មានរុស្ស៉ី ការពិភាក្សាលើបញ្ហាសន្តិសុខ ដែលពួកយើងកំពុងព្រួយបារម្ភ គឺពិតជាអត់ប្រយោជន៍។ យ៉ាងច្រើន វានឹងគ្រាន់តែជាការសិក្សាទទេៗ ដោយមិនរំពឹងទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន»

គួរបញ្ជាក់ថា លោកស្រី Viola Amherd ប្រធានាធិបតីស្វីស បានអះអាងថា រដ្ឋាភិបាលស្វីស កំពុងស្វែងរកការគាំទ្រយ៉ាងទូលំទូលាយ ពីផ្នែកផ្សេងៗនៃពិភពលោក ហើយលិខិតអញ្ជើញចំនួន ១៦០ត្រូវបានផ្ញើរទៅកាន់ប្រទេសនានា។ បច្ចុប្បន្នកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពអ៊ុយក្រែន ទាក់ទាញគណៈប្រតិភូមកពីជាង ៥០ប្រទេស៕