(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កងកម្លាំងរបស់រុស្ស៉ីនៅអ៊ុយក្រែន ទើបដណ្តើមកាន់កាប់ទឹកដីបានទំហំប្រមាណ ២៧៨គីឡូម៉ែត្រក្រឡាបន្ថែមទៀត ចាប់តាំងពីពួកគេបានបើកប្រតិបត្តិការវាយលុកថ្មីមួយ នៅតំបន់ Kharkiv ភាគឦសាន ព្រមទាំងនៅភាគខាងត្បូង។
APF បានប៉ាន់ស្មានថា គិតត្រឹមចន្លោះថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែឧសភា យោធារុស្ស៉ីវាយយកដី បានទំហំ២៥៧គីឡូម៉ែត្រក្រឡា នៅតំបន់ Kharkiv និង២១គីឡូម៉ែត្រក្រឡា នៅតំបន់ដទៃទៀត។ វាគឺជាការដណ្តើមទឹកដី បានទំហំធំបំផុតរបស់រុស្ស៉ី គិតចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២មក នៅពេលកងកម្លាំងទីក្រុងមូស្គូ វាយយកទឹកដីមួយចំនួន បានពីអ៊ុយក្រែនមកវិញ នៅតំបន់ Lugansk ក្រោយជួបលទ្ធផលមិនល្អ លើសមរភូមិនៅឯ Kharkiv និងនៅភាគខាងត្បូង។ AFP បានធ្វើការគណនានេះ ដោយប្រើប្រាស់ទិន្នន័យពីវិទ្យាស្ថាន Institute for the Study of War (ISW)។
គួរបញ្ជាក់ថា ដោយឡែក ក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ ខាងកងទ័ពអ៊ុយក្រែន បានប្រកាសថា ពួកគេបានទប់ស្កាត់ការព្យាយាមរុលមកមុខរបស់កងកម្លាំងរុស្ស៉ី នៅតាមទីតាំងមួយចំនួននៃតំបន់ Kharkiv៕