(បែរឡាំង)៖ លោកស្រី Viola Amherd ប្រធានាធិបតីនៃប្រទេសស្វីស​ បាននិយាយថា កិច្ចប្រជុំកំពូលដែលស្វីសរំពឹងថា នឹងត្រួសត្រាយផ្លូវ សម្រាប់ដំណើរការសន្តិភាពនៅអ៊ុយក្រែន ទាក់ទាញគណៈប្រតិភូមកពីជាង ៥០ប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ ២០២៤។

លោកស្រី Amherd បាននិយាយក្នុងសន្និសីទសារព័ត៌មានរួម ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅទីក្រុងបែរឡាំងថា រដ្ឋាភិបាលស្វីស កំពុងស្វែងរកការគាំទ្រយ៉ាងទូលំទូលាយ ពីផ្នែកផ្សេងៗនៃពិភពលោក ហើយលិខិតអញ្ជើញចំនួន ១៦០ ត្រូវបានផ្ញើរទៅកាន់ប្រទេសនានា។ ស្វីស ចង់ឱ្យប្រទេសលោកខាងត្បូង ក៏ដូចជាចិនចុះឈ្មោះចូលរួម។ លោកស្រី Amherd បញ្ជាក់ថា «ការងារកំពុងបន្តដំណើការយ៉ាងលឿន»

គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅអាហ្វ្រិកខាងត្បូង តំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ក៏មាននៅក្នុងចំណោមអ្នកដែលបានចុះឈ្មោះចូលរួម កិច្ចប្រជុំដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឡើងកាលពីខែមករា។ ចំណែក រុស្ស៉ីដែលបើក ការឈ្លានពានអ៊ុយក្រែន នៅឆ្នាំ ២០២២ មិនត្រួវបានអញ្ជើញឱ្យចូលរួមនោះទេ។ ក្រុមអ្នកការទូត និងអ្នកជំនាញខាង គោលនយោបាយការបរទេស និយាយថា កិច្ចពិភាក្សាដែលនឹងត្រូវធ្វើឡើងនៅក្បែរទីក្រុង Lucerne របស់ប្រទេសស្វីស ក៏ទំនងជាផ្តោតលើវិធីកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីសង្រ្គាមរបស់រុស្ស៉ី៕