(កៀវ)៖ អំឡុងទស្សនកិច្ចនៅក្នុងទីក្រុងកៀវ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់បញ្ជូនគ្រាប់រំសេវ និងអាវុធផ្សេងៗឱ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការបង្កើនការវាយលុកពីកងកម្លាំងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។

អ៊ុយក្រែន បានទទូចសុំជាយូរមកហើយនូវគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ចំពោះមុខការវាយលុកកាន់តែខ្លាំង​របស់​កងកម្លាំងរុស្ស៉ី។ ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកៀវ លោក Blinken បានបញ្ជាក់ថា «យើងកំពុងប្រញាប់ប្រញាល់ហើយ លើការបញ្ជូនគ្រាប់រំសេវ រថពាសដែក មីស៉ីល ប្រព័ន្ធការពារដែនអាកាស ទៅកាន់សមរភូមិ ជួរមុខ ដើម្បីការពារទាហាន ការពារជនស៉ីវិល»។ លោក Blinken បានបន្ថែមថា «យើងនឹងបន្តគាំទ្រអ៊ុយក្រែនជាមួយនិងសម្ភារយោធាដែលពួកគេត្រូវការ ដើម្បីឈ្នះក្នុង សង្រ្គាម»

គួរបញ្ជាក់ថា លោក Blinken បានបង្ហើបថា លោកប្រធានាធិបតី ចូ បៃដិន អាចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Blinken គឺជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតរបស់សហរដ្ឋអាមេរិកដែលធ្វើទស្សនកិច្ចទៅកាន់អ៊ុយក្រែន ចាប់តាំងពីសភាទាំង២ របស់សហរដ្ឋអាមេរិកអនុម័តកញ្ចប់ជំនួយ យោធាទំហំ ៦១ពាន់លានដុល្លារ ដែលទីក្រុងកៀវទន្ទឹងរចាំអស់រយៈពេលជាច្រើនខែ៕