(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន នឹងបញ្ជូនអតីតមន្ត្រីអាមេរិកមួយក្រុម ទៅកាន់កោះតៃវ៉ាន់ដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី របស់លោក Lai Ching-te ដើម្បីបង្ហាញការគាំទ្រដល់ដែនកោះមួយនេះ នៅចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ គណៈប្រតិភូដែលលោក ចូ បៃដិន នឹងបញ្ជូនទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មីរបស់លោក Lai Ching-te នៅថ្ងៃទី២០ ខែឧសភា រួមមានលោក Brian Deese ជាអតីតទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន អតីតមន្ត្រីក្រសួងការបរទេសអាមេរិក លោក Richard Armitage និងអ្នកជំនាញ ស្ដីពីតៃវ៉ាន់មកពីវិទ្យាស្ថាន Brookings លោក Richard Bush និងលោកស្រី Laura Rosenberger ដែលដឹកនាំអង្គការមិនរកប្រាក់ចំណេញមួយដែលមានទំនាក់ទំនង ក្រៅផ្លូវការជាមួយតៃវ៉ាន់។

មន្ត្រីជាន់ខ្ពស់រូបនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «គណៈប្រតិភូអាមេរិកនឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅចុងសប្ដាហ៍នេះ ហើយអំឡុងដំណើរទស្សនកិច្ចនេះ ពួកគេនឹងត្រូវចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា និងជួបជាមួយមន្ត្រីសំខាន់ៗរបស់តៃវ៉ាន់។ តែនេះមិនមែនជាការផ្លាស់ប្ដូរគោលនយោបាយរបស់ អាមេរិក នោះទេ»

គួរបញ្ជាក់ថា ចិនបានចាត់ទុកលោក Lai Ching-te ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់ ដែលបានច្រានចោលកិច្ចចរចាជាមួយចិនស្ដីពីការបង្រួបបង្រួមជាតិ។ លោក បៃដិន ធ្លាប់ បានបញ្ជូនគណៈប្រតិភូទៅកាន់កោះតៃវ៉ាន់ ក្នុងនោះថ្មីចុងក្រោយបំផុតកាលពីខែមករាកន្លងទៅ បន្ទាប់ពីការបោះឆ្នោតសកលរបស់តៃវ៉ាន់ ហើយរដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush និងលោក Barack Obama ក៏ធ្លាប់ការបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ ផងដែរកាលពីឆ្នាំ២០០៨ ២០១២ និង២០១៦។

ប៉ុន្តែដំណើរទស្សនកិច្ចរបៀបនេះតែងតែទទួលរងការថ្កោលទោស និងការបញ្ចេញប្រតិកម្មតបតពីចិន ក្នុងនោះមានទាំងការកាត់ផ្ដាច់ការទាក់ទងផ្នែកយោធាជាមួយអាមេរិក បន្ទាប់ពីអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីឆ្នាំ២០២២។ ទំនាក់ទំនងយោធារវាងប្រទេសទាំង២ ទើបតែត្រូវបានស្ដារឡើងវិញកាលពីពេលថ្មីៗនេះ៕