(សិង្ហបុរី)៖ លោក Lawrence Wong បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃពុធ ទី១៥ ខែឧសភា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Wong បានស្បថចូលកាន់តំណែងនៅម៉ោង ៨យប់ (ម៉ោងនៅសិង្ហបុរី) ដែលធ្វើឱ្យរូបលោក ក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥ ហើយក៏ជាលើកដំបូងផងដែរដែលសិង្ហបុរីមាននាយករដ្ឋមន្ត្រីថ្មីក្នុងពេល ២០ឆ្នាំមកនេះ ព្រមទាំងជានាយករដ្ឋមន្ត្រីទី២ ដែលមិនមែនជាសមាជិកគ្រួសារ Lee។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗគួរដឹងពីនាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី៖
លោក Lawrence Wong កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ក្នុងគ្រួសារសាមញ្ញមួយ ដោយមានឪពុកមានមុខរបរជាបុគ្គលិកផ្នែកលក់ម្នាក់ និងម្ដាយជាគ្រូបង្រៀននៅ សាលាបឋមដែលលោក Wong និងបងប្រុសរបស់លោករៀននៅទីនោះដែរ។
* កម្រិតវប្បធម៌
ខណៈអ្នកនយោបាយភាគច្រើននៅក្នុងប្រទេសសិង្ហបុរី សម្រុកនាំគ្នាចូលរៀននៅតាមសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស ដូចជា Oxford ឬ Cambridge លោក Wong មិនបានចូលរៀននៅសាកលវិទ្យាល័យល្បីៗទាំងនេះទេ។ លោកបានចូលរៀនក្នុងសាកលវិទ្យាល័យនៅក្នុងស្រុកដូចពលរដ្ឋសិង្ហបុរីទូទៅ ហើយនៅក្នុង បទសម្ភាសន៍មួយ លោកថែមទាំងបានលើកឡើងទៀតផងថាវារឿងដែលលោកពេញចិត្តបានរៀននៅក្បែរផ្ទះ ព្រោះលោកមានមិត្តច្រើននៅទីនោះ។ លោកបានទទួល បរិញ្ញាបត្រ និងអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Wisconsin-Madison និងថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy School។ លោក Wong ធ្លាប់បាននិយាយថាលោកជ្រើសរើសយកការសិក្សានៅសហរដ្ឋអាមេរិក ពីព្រោះអាមេរិកជាផ្ទះរបស់តារាចម្រៀង ដែលលោកពេញចិត្ត។
* នយោបាយ
លោក Lawrence Wong បានឈានជើងចូលឆាកនយោបាយក្នុងឆ្នាំ២០១១ បន្ទាប់ពីលោកជាប់ឆ្នោតជាសមាជិកសភាប្រចាំតំបន់ West Coast GRC នៃប្រទេស សិង្ហបុរី។ ២សប្ដាហ៍ក្រោយជាប់ឆ្នោត លោកត្រូវបានតែងតាំងជាមន្ត្រីម្នាក់ទទួលបន្ទុកកិច្ចការអប់រំ និងការពារជាតិ។ ក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០១៥ លោក Wong បានប្ដូរទៅ ចូលរួមក្នុងការប្រកួត ប្រជែងក្នុងតំបន់ Marsiling-Yew Tee GRC ជាទីដែលលោកបានក្លាយជារដ្ឋមន្ត្រីម្នាក់។ ចាប់តាំងពីពេលនោះមកដែរ លោកបានឡើងតំណែងជា បន្តបន្ទាប់នៅតាមក្រសួងជាច្រើន រួមមាន ក្រសួងវប្បធម៌ និងក្រសួងសហគមន៍ និងយុវជន (Community and Youth) ជាទីដែលលោកកាន់តំណែងជារដ្ឋមន្ត្រីស្ដីទី ក្នុងឆ្នាំ២០១២ ហើយកា្លយជារដ្ឋមន្ត្រីពេញសិទ្ធ នៅ២ឆ្នាំក្រោយមកទៀត។
នៅបន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០១៥ លោក Wong បានផ្លាស់ទៅដឹកនាំក្រសួងអភិវឌ្ឍជាតិ និងបានដឹកនាំក្រសួងមួយនេះរហូតដល់ខែកក្កដា ឆ្នាំ២០២០។ ក្នុងឆ្នាំ២០២០ នោះដែរ លោក Wong បានទទួលភារកិច្ចជាសហប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមជាមួយអតីតរដ្ឋមន្ត្រីសុខាភិបាល លោក Gan Kim Yong។ លោក Wong ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរីផងនោះ បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងការរុះរោះគណៈរដ្ឋមន្ត្រី ខណៈការចោទសួរពីអនាគតដែលលោកអាច នឹងក្លាយជានាយករដ្ឋមន្ត្រីនៅពេលអនាគតបានផ្ទុះឡើង ក្រោយរូបលោកត្រូវបានតែងតាំងជាមេដឹកនាំយុវជនជំនាន់ទី៤ ឬ 4G របស់គណបក្ស PAP។
២ខែក្រោយមកទៀត ទើបលោក Wong ត្រូវបានដំឡើងតំណែងជាឧបនាយករដ្ឋមន្ត្រី ក្នុងការរុះរើគណៈរដ្ឋមន្ត្រីមួយ និងនៅតែរក្សាតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដដែលផងដែរ៕