(ឡុងដ៍)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ បានព្រមានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចក្រភពអង់គ្លេស កំពុងប្រថុយនឹងការធ្វើ​ឱ្យខូចដល់ទំនាក់ទំនងជាមួយចិន បន្ទាប់ពី លោកត្រូវបានរដ្ឋាភិបាលអង់គ្លេសកោះហៅ ជុំវិញបញ្ហាចារកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងការបរទេសអង់គ្លេសឱ្យដឹងថា លោក Zheng Zeguang ត្រូវបានកោះហៅឱ្យមកបកស្រាយ មួយថ្ងៃបន្ទាប់ពីការចោទប្រកាន់មនុស្ស ៣នាក់ពីបទផ្តល់ព័ត៌មានដល់ សេវាស៉ើបការណ៍សម្ងាត់របស់ទីក្រុងហុងកុង។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស ខាងក្រសួងបានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់លោក Zheng ជុំវិញសកម្មភាព របស់ចិនប្រឆាំងនឹងអង់គ្លេស ក្នុងនោះរួមមានការវាយប្រហារព័ត៌មានវិទ្យា របាយការណ៍ពីភាពជាប់ពាក់ព័ន្ធនឹងករណីចារកម្ម រួមទាំងការផ្តល់ប្រាក់រង្វាន់នានា ថាជារឿងដែលមិនអាចទទួលយកបានទេ។

ដោយឡែក លោក Zheng បញ្ជាក់ថា អំឡុងពេលទៅកាន់ក្រសួងការបរទេសអង់គ្លេស លោកបានសម្តែងនូវការមិនពេញចិត្តទៅកាន់ភាគីអង់គ្លេស ជុំវិញការយល់ខុសមក លើចិន។ ក្នុងនោះរួមបញ្ចូលទាំង «ការចោទប្រកាន់គ្មានហេតុផល» លើរដ្ឋបាលទីក្រុងហុងកុង និងការចោទប្រកាន់ផ្សេងទៀត ដោយគ្មានមូលដ្ឋាន និងមួលបង្កាច់បង្ខូចចិន។

គួរបញ្ជាក់ថា ការកោះហៅនេះបានកើតឡើង បន្ទាប់ពីប៉ូលិសទីក្រុងឡុងដ៍ កាលពីដើមសប្តាហ៍ បានចោទប្រកាន់មនុស្ស ៣នាក់ ពីបទជួយដល់សេវាស៉ើបការណ៍សម្ងាត់ នៅទីក្រុងហុងកុង ជាករណីដែលអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី Rishi Sunak បរិយាយថាជាក្តីបារម្ភយ៉ាងខ្លាំង៕