(គៀវ)៖ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា ផ្នែកនៃកញ្ចប់ជំនួយដ៏ធំរបស់សហរដ្ឋអាមេរិកបានមកដល់អ៊ុយក្រែនហើយ ហើយអ្វីៗជាច្រើនទៀតគឺស្ថិតនៅលើផ្លូវរបស់វា ដែលនឹង «ធ្វើឱ្យមានការប្រែប្រួលពិតប្រាកដនៅសមរភូមិ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
ដំណើររបស់ លោក Blinken គឺជាដំណើរលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ចាប់តាំងពីសភាបានអនុម័តកញ្ចប់ជំនួយដែលទន្ទឹងរង់ចាំជាយូរមកហើយចំនួន ៦១ពាន់លានដុល្លារកាលពីខែមុន។ កងកម្លាំងរបស់ទីក្រុងគៀវ កំពុងប្រឈមមុខនឹងការវាយប្រហារថ្មីរបស់រុស្ស៊ី នៅភាគឦសាននៃប្រទេស បន្ថែមពីលើការវាយប្រហារនៅភាគខាងកើត។
លោក Blinken បាននិយាយយ៉ាងដូច្នេះថា «យើងដឹងថានេះគឺជាពេលវេលាដ៏លំបាកមួយ ប៉ុន្តែយើងក៏ដឹងដែរថា ជំនួយកំពុងដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលផ្នែកខ្លះបានមកដល់ហើយ និងជាច្រើនទៀតនឹងមកដល់»។ លោកបានសង្កត់ធ្ងន់ថា «នេះនឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងពិតប្រាកដ ប្រឆាំងនឹងការបន្តការឈ្លានពានរបស់រុស្ស៊ីនៅលើសមរភូមិ»។
អ៊ុយក្រែនបានដណ្តើមយកទឹកដីធំវិញ ក្នុងអំឡុងឆ្នាំដំបូងបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២ ប៉ុន្តែការវាយបករបស់អ៊ុយក្រែនបានរអាក់រអួលកាលពីឆ្នាំមុន ហើយក្នុងប៉ុន្មានខែថ្មីៗនេះ រុស្ស៊ីរុលទៅមុខនៅតាមសមរភូមិមួយចំនួន។
ថ្លែងទៅកាន់ លោក Blinken ជាភាសាអង់គ្លេស លោក Zelensky បាននិយាយថា ការផ្គត់ផ្គង់ការពារដែនអាកាសគឺជា «ភាពខ្វះខាតដ៏ធំបំផុតរបស់យើង» ហើយរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយចាប់តាំងពីខែមីនា ដែលបានវាយប្រហាររោងចក្រថាមពល និងបណ្តាលឱ្យដាច់ចរនអគ្គីសនី»។
លោកបានបន្ថែមថា «ថ្ងៃនេះ យើងត្រូវការយន្តហោះ Patriot ពីរគ្រឿង ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Kharkiv ទៅកាន់តំបន់ Kharkiv ព្រោះប្រជាជននៅទីនោះកំពុងរងការវាយប្រហារ។ ជនស៊ីវិល យុទ្ធជន គ្រប់គ្នាកំពុងរងការវាយប្រហារពីមីស៊ីលរបស់រុស្ស៊ី»។
គួរជម្រាបថា លោក Blinken បានទៅដល់ទីក្រុងគៀវតាមរថភ្លើងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចដែលមិនបានជូនដំណឹងជាមុន ដែលកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានបើកការលុកលុយចូលក្នុងតំបន់ភាគខាងជើង Kharkiv ដោយបើកសមរភូមិថ្មី និងបានដាក់សម្ពាធលើទាហានអ៊ុយក្រែន៕