(ដូហា)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានជួបមេដឹកនាំក្រុមហាម៉ាស អំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសកាតា ជាទីដែលលោកបានទទូចដល់អ៉ីស្រាអែល បញ្ឈប់អំពើឃោឃៅប្រឆាំងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ ២០២៤។
ក្រុមគណៈប្រតិភូហាម៉ាសដឹកនាំដោយមេដឹកនាំបច្ចុប្បន្ន គឺលោក Ismail Haniyeh និងអតីតមេដឹកនាំ លោក Khaled Mashal បានប្រាប់ លោក Anwar អំពីស្ថានភាពថ្មីចុងក្រោយនៅតំបន់ហ្កាហ្សា និងទីក្រុង Rafah។ តាមការបង្ហោះសារលើហ្វេសប៊ុក លោក Anwar ក៏បានអំពាវនាវឱ្យអ៉ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ហើយឯកភាពលើផែនការសន្តិភាព។ លោកថា ម៉ាឡេស៉ី នឹងបន្តដើរតួនាទីក្នុងការបញ្ឈប់ការវាយប្រហារលើទីក្រុង Rafah និងប្រមែប្រមូលកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីជួយជនរងគ្រោះ ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា នេះជាជំនួបផ្ទាល់មុខលើកដំបូងរវាង លោក Anwar ក្នុងនាមជានាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៉ី ជាមួយលោក Haniyeh។ អ្នកទាំងពីរធ្លាប់ជួបគ្នាពីរលើក គឺនៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០៕