(តៃប៉ិ)៖ ប្រភពដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន បានឱ្យបង្ហើបឱ្យដឹងថា កាលពីខែមេសាកន្លងទៅនេះ យោធាជើងទឹករបស់សហរដ្ឋអាមេរិកនិងតៃវ៉ាន់ បានធ្វើសមយុទ្ធរួមគ្នានៅមហាសមុទ្រប៉ាស៉ីហ្វិក ដែលបើតាមផ្លូវការគឺមិនបានប្រព្រឹត្តទៅឡើយ ខណៈយោធានៃសម្ព័ន្ធមិត្តទាំងពីរ កំពុងបង្កើនកិច្ចសហប្រតិបត្តិការ ចំពោះមុខការកើនឡើងនៃអំណាចយោធារបស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤។
ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេ ជាពិសេសអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ ចំពោះមុខការធ្វើសកម្មភាពយោធា ជាប់ជាប្រចាំ ពីសំណាក់កងកម្លាំងរបស់ចិន នៅក្បែរដែនកោះនេះ។ កិច្ចសហប្រតិបត្តិការរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដែលរួមមានទាំងការបំពេញទស្សនកិច្ច និងការហ្វឹកហាត់ គឺត្រូវបានរក្សាមិនឱ្យសូវមានភាពបើកចំហឡើយ ហើយជារឿយៗ មិនត្រូវបានទទួលស្គាល់ជាផ្លូវការនោះទេ ដោយសារតែគោលជំហរប្រឆាំង យ៉ាងម៉ឹងម៉ាត់របស់ទីក្រុងប៉េកាំង ចំពោះការធ្វើប្រាស្រ័យទាក់ទងផ្នែកយោធានានា រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ។
បើតាមសេចក្តីរាយការណ៍របស់ Reuters សមយុទ្ធយោធាខាងលើ ដែលមិនត្រូវបានប្រកាសឱ្យដឹងជាសាធារណៈឡើយនោះ គឺបានប្រព្រឹត្តទៅកាលពីខែមេសា នៅតំបន់ប៉ាស៉ីហ្វិកភាគខាងលិច ហើយមានការចូលរួមពី នាវាកងទ័ពជើងទឹកសរុបជាង១០គ្រឿង មកពីភាគីទាំងពីរ ក្នុងនោះរួមមាននាវាប្រភេទប្រយុទ្ធ ផ្គត់ផ្គង់ និងគាំទ្រ ជាដើម។ សមយុទ្ធយោធាជើងទឹកនោះ បានប្រព្រឹត្តទៅរយៈពេលច្រើនសប្តាហ៍ ហើយត្រូវបានរចនាឡើង ដើម្បីហាត់សមអនុវត្តប្រតិបត្តិការសាមញ្ញៗ។
គួរបញ្ជាក់ថា តៃវ៉ាន់និងសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការឡើយ ដោយសារតែទីក្រុងវ៉ាស៉ីនតោន ជាផ្លូវការទទួលស្គាល់ ទីក្រុងប៉េកាំងទៅវិញទេ ក៏ប៉ុន្តែមានកាតព្វកិច្ចផ្លូវច្បាប់ ត្រូវផ្តល់ឱ្យកោះតៃវ៉ាន់នូវមធ្យោបាយ ដើម្បីការពារខ្លួន ហើយជាខ្នងបង្អែកសំខាន់បំផុតរបស់តៃវ៉ាន់ នៅលើឆាកអន្តរជាតិ។ តៃវ៉ាន់ត្រូវចិន ចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ហើយទីក្រុងប៉េកាំង មិនដែលបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាជាមួយតៃវ៉ាន់វិញ នៅថ្ងៃណាមួយនោះទេ៕