(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុង podcast មួយថាជិតពាក់កណ្ដាលនៃចំនួនអ្នកស្លាប់ នៅក្នុងសង្រ្គាមហ្កាហ្សា គឺជាក្រុមអ្នកប្រយុទ្ធហាម៉ាស ដោយនៅតែរក្សាជំហរថាចំនួនជនស៊ីវិលស្លាប់ក្នុងសង្គ្រាមនេះមានតិចជាងតួលេខដែលផ្ដល់ដោយ ក្រុមមន្ត្រីហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

បើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា មនុស្សយ៉ាងហោច ៣៥ ០៩១នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមានរយៈពេលជាង៧ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ ប៉ុន្តែ​ នៅកិច្ចសម្ភាសន៍ក្នុង podcast មួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថាចំនួន អ្នកស្លាប់ក្នុងតំបន់ហ្កាហ្សាមានប្រហែល ៣០ ០០០នាក់ ហើយមានជិតពាក់កណ្ដាលនៃអ្នកស្លាប់គឺជាក្រុមអ្នកប្រយុទ្ធហាម៉ាស។

គួរបញ្ជាក់ថា ក្រុមមន្ត្រីហ្កាហ្សា មិនបានបង្ហើបពីតួលេខក្រុមអ្នកប្រយុទ្ធហាម៉ាសដែលបានស្លាប់នោះទេ ប៉ុន្តែតែងតែលើកឡើងជារឿយៗថាភាគច្រើននៃ អ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែក និងការវាយប្រហាររបស់អ៉ីស្រាអែល គឺជាស្ត្រី និងកុមារ។ កាលពីខែមីនាកន្លងទៅ អំឡុងបទសម្ភាសន៍ជាមួយកាសែត Politico លោក ណេតាន់យ៉ាហ៊ូ ក៏ធ្លាប់អះអាងដែរថាក្រុមអ្នកប្រយុទ្ធហាម៉ាស ១៣០០០នាក់ត្រូវបានសម្លាប់ និងជនស៊ីវិលស្លាប់មានតិចជាង ២០០០០នាក់ ខណៈនៅពេលនោះក្រសួងសុខាភិបាលហ្កាហ្សាបញ្ជាក់ថាអ្នកស្លាប់មានចំនួន ៣១ ០៤៥នាក់៕