(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប​្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកមិនជឿនោះទេថាអំពើប្រល័យពូជសាសន៍ កំពុង កើតឡើងនៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែបានទទូចឱ្យអ៉ីស្រាអែលប្រឹងប្រែងបន្ថែមដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ធ្វើការកត់សម្គាល់បែបនេះ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា ខណៈកិច្ចចរចាស្ដីពី បទឈប់បាញ់ក្នុងសង្រ្គាមហ្កាហ្សានៅតែបន្តជាប់គាំង រីឯអ៉ីស្រាអែលកំពុងប្រឈមមុខនឹងបណ្ដឹងរបស់អាហ្វ្រិកខាងត្បូង នៅតុលាការ ICJ ជុំវិញការចោទប្រកាន់ថាបាន ប្រព្រឹត្តអំពើប្រល័យពូសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន។ លោក Sullivan បានគូសបញ្ជាក់ដូច្នេះថា «យើងជឿថាអ៉ីស្រាអែលអាច ហើយត្រូវតែប្រឹងប្រែងបន្ថែមដើម្បីធានា កិច្ចគាំពារ និងសុខមាលភាពរបស់ជនស៊ីវិលស្លូតត្រង់។ យើងមិនជឿនោះទេថាអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា គឺជាអំពើប្រល័យពូជសាសន៍»។ លោកបន្ថែមថា លោក បៃដិន ចង់ឃើញក្រុមហាម៉ាសបរាជ័យ តែក៏បានទទួលស្គាល់ដែរថាប្រជាជនប៉ាឡេស្ទីនកំពុងរស់នៅរងទុក្ខវេទនា។

គួរបញ្ជាក់ថា លោក ចូ បៃដិន បច្ចុប្បន្នកំពុងរងសម្ពាធពីក្រុមអ្នកសាធារណរដ្ឋ បន្ទាប់ពីលោកបានព្រមានបញ្ឈប់ដឹកជញ្ជូនអាវុធមួយចំនួនឱ្យអ៉ីស្រាអែល ប្រសិនបើហ៊ាន វាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah ចំពោះមុខការកើនឡើងបាតុកម្មនៅតាមសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ សម្រាប់សង្រ្គាមហ្កាហ្សា៕