(គៀវ)៖ អ៊ុយក្រែននៅថ្ងៃចន្ទនេះ បានប្រកាសពីការទប់ស្កាត់បាន នូវផែនការរបស់រុស្សីដែលពាក់ព័ន្ធនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែក សំដៅលើទីផ្សាររបស់អ្នកសាងសង់ និងហាងកាហ្វេក្នុងទីក្រុងគៀវ ព្រមទាំងសហគ្រាសការពារជាតិនៅក្រុង Lviv ភាគខាងលិចប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
ការិយាល័យអគ្គរដ្ឋអាជ្ញាបានលាតត្រដាងថា ភ្នាក់ងារយោធារុស្ស៊ីពីរនាក់ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដែលបានគ្រោងទុក។ បន្ថែមពីលើនេះ អាជ្ញាធរបានរឹបអូសអាវុធជាតិផ្ទុះសរុបចំនួន១៩គ្រឿង ដែលជាកិច្ចអន្តរាគមន៍យ៉ាងសំខាន់ ក្នុងការទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមាន។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយតាមរយៈកម្មវិធី Telegram ដោយការិយាល័យអគ្គព្រះរាជអាជ្ញា។
សេវាសន្តិសុខរបស់អ៊ុយក្រែន (SBU) បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញថា គ្រាប់បែកចំនួន ៤គ្រាប់ត្រូវបានគេកំណត់ថា នឹងត្រូវបំផ្ទុះនៅក្នុងរដ្ឋធានីគៀវនៅថ្ងៃទី៩ ខែឧសភា ដែលជាកាលបរិច្ឆេទដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី នៃទិវាជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥។
សេវាសន្តិសុខអ៊ុយក្រែនបានពន្យល់ថា យោងតាមការស៊ើបការណ៍សម្ងាត់របស់ខ្លួន ផែនការដែលរៀបចំឡើងដោយសេវាកម្មពិសេសរបស់រុស្ស៊ីនេះ ធ្វើឡើងក្នុងគោលបំណងសម្លាប់ជនស៊ីវិលឱ្យបានច្រើនបំផុត ថ្បិតថាវាបានកំណត់ពេលនៃការផ្ទុះឱ្យស្របនឹងម៉ោង ដែលមានមនុស្សម្នាច្រើនបំផុតនៅក្នុងផ្សារទំនើប។
ដោយឡែកទាក់ទងនឹងការវាយប្រហារដែលបានគ្រោងទុកនៅទីក្រុង Lviv សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា វាបានគ្រោងធ្វើឡើងកាលពីខែកុម្ភៈមុន ហើយគោលដៅគឺជាសហគ្រាសការពារជាតិមួយ ដែលមិនត្រូវលាតត្រដាងពីអត្តសញ្ញាណរបស់វាទេ។
ថ្វីបើមានការលាតត្រដាងទាំងនេះក៏ដោយ ក៏មិនមានការឆ្លើយតបភ្លាមៗពីរុស្ស៊ី ទាក់ទងនឹងការចោទប្រកាន់ ដែលធ្វើឡើងដោយអ៊ុយក្រែននេះទេ។
គួរជម្រាបថា អ៊ុយក្រែនបានអះអាងម្តងហើយម្តងទៀតថា បានរារាំងការវាយប្រហារដែលរៀបចំឡើងដោយសេវាសន្តិសុខរុស្ស៊ី ដែលជាញឹកញាប់នៅឆ្ងាយពីជួរមុខនៃសមរភូមិ និងបានចាប់ខ្លួនបុគ្គលដែលគេសង្ស័យថាធ្វើការឱ្យក្រុងម៉ូស្គូ។ ជាក់ស្តែងកាលពីសប្តាហ៍មុន សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន (SBU) បានប្រកាសពីការចាប់ខ្លួនភ្នាក់ងារពីរនាក់ ដែលធ្វើការនៅក្នុងនាយកដ្ឋានការពាររដ្ឋ។ បុរសទាំងពីរត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតប្រធានាធិបតី លោក Volodymyr Zelenskyy និង លោក Kyrylo Budanov ដែលជាប្រធានផ្នែកចារកម្មយោធា៕