(ឡុងដ៏)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ការហាមអង់គ្លេសមិនឱ្យបញ្ជូនអាវុធទៅអ៉ីស្រាអែល ប្រសិនបើអ៉ីស្រាអែល បើកការវាយលុកតាមជើងគោកទ្រង់ទ្រាយធំចូលទីក្រុង Rafah តំបន់ហ្កាហ្សា នឹងធ្វើឱ្យក្រុមហាម៉ាសកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ ២០២៤។
លោក Cameron និយាយថា លោកមិនបានគាំទ្រប្រតិបត្តិការវាយលុកណាមួយលើទីក្រុង Rafah ដោយគ្មានផែនការការពារជនស៉ីវិល នោះទេ ប៉ុន្តែបើទោះបីជាបែបនេះក្តី ចក្រភពអង់គ្លេសមានតួនាទីផ្សេងពីសហរដ្ឋអាមេរិក បើនិយាយពីការបញ្ជូនអាវុធទៅកាន់អ៉ីស្រាអែល។ មានតែតិចជាង ១ភាគរយនៃអាវុធរបស់អ៉ីស្រាអែល ដែលយកមកពីចក្រភពអង់គ្លេស ស្ថិតក្រោមការគ្រប់គ្រងប្រព័ន្ធអាជ្ញាប័ណ្ណដ៏តឹងរ៉ឹង។
លោក Cameron បញ្ជាក់ថា «លើកចុងក្រោយដែលខ្ញុំត្រូវបានជំរុញឱ្យធ្វើដូច្នេះ... ប៉ុន្មានថ្ងៃក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ លើអ៉ីស្រាអែល។ យើងគ្រាន់តែអាចប្រកាសថា នឹងផ្លាស់ប្តូរវិធីសាស្រ្តក្នុងការនាំចេញអាវុធ ជាជាងបញ្ឈប់ដំណើរការរបស់យើង។ វានឹងធ្វើឱ្យក្រុមហាម៉ាសបានចិត្ត ទាមទារកាន់តែច្រើនក្នុងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ខ្ញុំមិនគិតថា វិធីសាស្រ្តនោះត្រឹមត្រូវទេ»។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត ចាកចេញពីទីក្រុងភាគខាងត្បូងតំបន់ហ្កាហ្សាមួយនេះ នៅក្នុងសញ្ញាមួយបង្ហាញថា ផែនការវាយលុកកំពុងឆ្ពោះទៅមុខ បើទោះបីជាមានការព្រមានពីរដ្ឋបាល លោក បៃដិន អំពីការផ្អាកបញ្ជូនអាវុធឱ្យអ៉ីស្រាអែល៕