(មូស្គូ)៖ ក្រុមមន្រ្តីរុស្ស៉ីបាននិយាយថា មនុស្សយ៉ាងហោច១៥នាក់ បានបាត់បង់ជីវិត និងច្រើននាក់ទៀតបានរងរបួស កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅពេលដែលផ្នែកនៃអគារស្នាក់នៅមួយកន្លែង ក្នុងតំបន់ Belgorod បានដួលរលំ ក្រោយទទួលរងបំណែកមីស៉ីល១គ្រាប់ ដែលបាញ់ចេញពីអ៊ុយក្រែន ហើយត្រូវបានបាញ់ស្កាត់ដោយប្រព័ន្ធការពាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។
បើតាមការអះអាងរបស់ក្រុមមន្រ្តីរុស្ស៉ី វាគឺជាប្រហារមីស៉ីលទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែន ដែលមានការប្រើប្រាស់មីស៉ីលបាលិស្ទីគ Tochka ព្រមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Adler និង RM-70 Vampire។ អាជ្ញាធររុស្ស៉ីបានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទនេះ មនុស្ស១៥នាក់ បានបាត់បង់ជីវិត នៅពេលអគារខាងលើដួលរលំ ខណៈអភិបាលតំបន់ Belgorod បានអះអាងថា មនុស្ស៤នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ កាលពីថ្ងៃអាទិត្យ ក្នុងការវាយប្រហារដាច់ដោយឡែក ពីសំណាក់ទីក្រុងកៀវ។ លើសពីនេះ មនុស្សសរុបចំនួន២៧នាក់ បានរងរបួស ក្នុងការវាយប្រហារផ្សេងៗ កាលពីថ្ងៃអាទិត្យ។ បើតាមក្រសួងការពារជាតិរុស្ស៉ី មីស៉ីលសរុបយ៉ាងតិច១២គ្រាប់ ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើតំបន់ Belgorod។
គួរបញ្ជាក់ថា ទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែបានអះអាងថា ពួកគេមិនបានកំណត់គោលដៅ លើជនស៉ីវិលនៅក្នុងសង្រ្គាមឡើយ ដែលបានផ្ទុះឡើងដំបូង នៅពេលរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ សង្រ្គាមឈ្លានពាននេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ បង្កឱ្យព្រាត់ប្រាសផ្ទះសម្បែងរាប់លាននាក់ និងប្រែក្លាយទីក្រុងរបស់អ៊ុយក្រែន ទៅជាកន្លែងដែលរងការបំផ្លិចបំផ្លាញយ៉ាងហិនហោច៕