(ប្រាស៉ីលីយ៉ា)៖ ស្ថាប័នការពារស៊ីវិលរបស់រដ្ឋាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Rio Grande do Sul របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៣នាក់ ខណៈដែលមនុស្ស ១២៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
កាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋាភិបាលបានប្រកាសការចំណាយគ្រាអាសន្ន ដែលមានតម្លៃប្រហែល ១២.១ ពាន់លាន reais ឬស្មើនឹង ២.៣៤ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិដែលនាំទៅដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនជាង ៥៣៧,០០០នាក់ នៅក្នុងរដ្ឋ Rio Grande do Sul ដែលមានប្រជាជនប្រហែល ១០.៩លាននាក់។
រដ្ឋាភិបាលសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ជាមួយនឹងការផ្តល់មូលនិធិថ្មីនេះ មូលនិធិសហព័ន្ធជាង ៦០ពាន់លាន reais ហើយ ដែលត្រូវបានបែងចែកទៅឱ្យរដ្ឋនេះសម្រាប់ប្រើប្រាស់។
អ្នកព្យាករណ៍អាកាសធាតុបានព្យាករថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ថ្ងៃអាទិត្យេសប្តាហ៍នេះ ដែលនឹងធ្វើឱ្យច្រាំងទន្លេដែលហៀររួចទៅហើយ វានឹងឡើងបន្ថែមទៀត។
គួរជម្រាបថា រដ្ឋនេះមានទីតាំងនៅចំណុចប្រសព្វភូមិសាស្ត្ររវាងអាកាសធាតុត្រូពិច និងតំបន់ប៉ូល ដែលបានបង្កើតគំរូអាកាសធាតុមួយ ដែលជួនកាលមានភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ ឬគ្រោះរាំងស្ងួតខ្លាំង៕