(យូអិន)៖​ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី១០ ខែឧសភា (ម៉ោងនៅទីក្រុងញូវយ៉ក) បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប លើ សំណើចង់ក្លាយជាសមាជិក UN ពេញសិទ្ធិរបស់ប៉ាឡេស្ទីន ជាមួយការផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាសន្តិសុខ UN ពិចារណាឡើងវិញលើបញ្ហានេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងចំណោមសមាជិកមហាសន្និបាត UN ទាំង១៩៣ មាន១៤៣ប្រទេសបានបោះឆ្នោតគាំទ្រឱ្យប៉ាឡេស្ទីនក្លាយជាសមាជិក UN ពេញសិទ្ធិ ខណៈប្រទេសចំនួន៩ ក្នុងនោះរួមមានសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបោះឆ្នោតជំទាស់ និង២៥ទៀតអនុបវាទ។ ការបោះឆ្នោតក្នុងសំឡេងគាំទ្រភ្លូកទឹកភ្លូកដីនេះមិនអាចផ្ដល់ឱ្យប៉ាឡេស្ទីន នូវសមាជិកពេញសិទ្ធិនោះទេ ប៉ុន្តែវាបានបញ្ជាក់ថាប្រទេសភាគច្រើនលើសលុបបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ ដែលគួរតែទទួលបានសមាជិភាព UN និងបានផ្ដល់ អនុសាសន៍ឱ្យក្រុមប្រឹក្សាសន្តិសុខពិចារណាឡើងវិញចំពោះអនុម័តលើសមាជិកភាពរបស់ប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ដើម្បីអាចក្លាយជាសមាជិកពេញសិទ្ធិរបស់ UN ចាំបាច់ត្រូវតែមានការអនុម័តយល់ព្រមជាមុនពីសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ ហើយក្រោយមក ទើបគេប្រគល់កិច្ចការនេះទៅឱ្យមហាសន្និបាត UN ជាអ្នកបោះឆ្នោតសម្រេច។ ប៉ុន្តែ ការប្រឹងប្រែងរបស់ប៉ាឡេស្ទីនបានទទួលបរាជ័យជារឿយៗ ដោយសារតែការបោះឆ្នោត វេតូប្រឆាំងរបស់សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល។ ជាក់ស្ដែង កាលពីខែមេសាកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនបានបោះឆ្នោតវេតូប្រឆាំងនឹងការផ្ដល់ជា សមាជិកភាពពេញសិទ្ធិសម្រាប់ប៉ាឡេស្ទីន ដោយអះអាងថាការធ្វើបែបនេះមិនមែនជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការជំរុញដំណោះស្រាយរដ្ឋ២ នោះទេ​៕