(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានអំពាវនាវនៅថ្ងៃសៅរ៍នេះ ឱ្យប្រជាជនប៉ាឡេស្ទីនដែលកំពុងស្ថិតនៅតាមទីតាំងជាច្រើននៃទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ជម្លៀសខ្លួនចេញ ហើយឆ្ពោះទៅតំបន់មនុស្សធម៌នៅទីប្រជុំជន Al-Mawasi ដោយចង្អុលបង្ហាញថា យោធាកំពុងឈានទៅមុខសម្រាប់ផែនការវាយប្រហារតាមជើងគោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៤។
ទោះជាមានសម្ពាធពីអន្តរជាតិ ពិសេសសហរដ្ឋអាមេរិក អ៉ីស្រាអែលនិយាយថាខ្លួន មិនអាចឈ្នះសង្រ្គាមទេប្រសិនមិនកម្ចាត់យុទ្ធជនរាប់ពាន់នាក់របស់ក្រុមហាម៉ាសដែលកំពុងដាក់ពង្រាយនៅទីក្រុង Rafah។ មកទល់ពេលនេះ ប្រជាជនហ្កាហ្សាប្រហែល ៣០០,០០០នាក់ បានធ្វើដំណើរឆ្ពោះទៅកាន់ទីប្រជុំជន Al-Mawasi។ តាមសារបង្ហោះបណ្តាញសង្គម X អ្នកនាំពាក្យរបស់យោធា ក៏បានអំពាវនាវដល់អ្នកស្រុក និងអ្នកផ្លាស់ទីលំនៅក្នុងតំបន់ Jabalia ភាគខាងជើងហ្កាហ្សា និងសង្កាត់ ១១ផ្សេងទៀតនៅក្នុងទីតាំងដែលបានឡោមព័ទ្ធ ចាកចេញទៅកាន់ទីជម្រកនៅភាគខាងលិចទីក្រុងហ្កាហ្សា (Gaza City) ជាបន្ទាន់។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA ជនជាតិប៉ាឡេស្ទីន ២៤នាក់បានស្លាប់ ក្រោយយន្តហោះចម្បាំងអ៉ីស្រាអែលកំណត់គោលដៅ លើតំបន់ជាច្រើននៅភាគកណ្តាលតំបន់ហ្កាហ្សា៕