(កាប៊ុល)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា គ្រោះទឹកជំនន់ធំមួយ ដែលបានវាយប្រហារភ្លាមៗ ទៅលើខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃសុក្រ បានផ្តាច់ជីវិតមនុស្សកើនដល់ជាង២០០នាក់ ខណៈផ្ទះសម្បែងខ្ទង់រាប់ពាន់ខ្នង ត្រូវបានបំផ្លិចបំផ្លាញ ឬរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM របស់ UN បានរាយការណ៍ថា ដោយផ្អែកលើតួលេខ ពីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃប្រទេសអាហ្វហ្កានីស្ថានថា នៅសង្កាត់ Jadid តែឯងប៉ុណ្ណោះ នៃខេត្ត Baghlan មានលំនៅដ្ឋានរហូតដល់១,៥០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ ឬរងការខូចខាត ហើយមនុស្សជាង១០០នាក់ បានបាត់បង់ជីវិត នៅទីនោះ។ តួលេខថ្មីនៃអ្នកស្លាប់សរុបជាង២០០នាក់នេះ គឺជាការកើនឡើងពីតួលេខចំនួន៦២នាក់ ដែលត្រូវបានរាយការណ៍គិតត្រឹមយប់ថ្ងៃសុក្រ។
បើតាមអាជ្ញាធរអាហ្វហ្កានីស្ថាន ការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក៏បានបង្កការខូចខាតធ្ងន់ធ្ងរ នៅខេត្ត Badakhshan ភាគឦសាន ខេត្ត Ghor ភាគកណ្តាល និងខេត្ត Herat ភាគខាងលិចផងដែរ។ ជាមួយគ្នានេះ បុគ្គលិកសង្រ្គោះបន្ទាន់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងការប៉ះពាល់ ដើម្បីជួយសង្រ្គោះប្រជាជនដែលរងរបួស និងជាប់ខ្លួនទៅណាពុំរួច។ គ្រោះទឹកជំនន់ បានឆក់យកជីវិតប្រជាជននៅអាហ្វហ្កានីស្ថាន ជាបន្តបន្ទាប់ ចាប់តាំងតែពីពាក់កណ្តាលខែមេសាមក។
គួរបញ្ជាក់ថា យោងតាមអ្នកវិទ្យាសាស្រ្ត អាហ្វហ្កានីស្ថាន ដែលត្រូវបានហែកហួរដោយសង្រ្គាមរយៈពេល៤ទសវត្សរ៍ និងស្ថិតក្នុងចំណោមប្រទេសក្រីក្រខ្លាំងលើពិភពលោក ហើយសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ គឺជាប្រទេសមួយដែលត្រូវប្រឈមមុខហានិភ័យដ៏ខ្ពស់ ជាមួយផលវិបាកនៃការកើនឡើងកម្តៅភពផែនដី។ ខណៈទទួលបន្ទុកត្រឹម០.០៦ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅលើពិភពលោក អាហ្វហ្កានីស្ថានស្ថិតនៅលេខរៀងទី៦ នៃប្រទេសដែលប្រឈមហានិភ័យខ្លាំងជាងគេ ពីបាតុភូតប្រែប្រួលអាកាសធាតុ៕