(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន បានចេញរបាយការណ៍ភ្ញាក់ផ្អើលមួយ ដោយរិះគន់ទៅលើអ៉ីស្រាអែល ជុំវិញការប្រើប្រាស់សព្វាវុធរបស់អាមេរិក ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) បន្ទាប់ពីកងកម្លាំងយោធាអ៉ីស្រាអែល បានបង្កើនប្រតិបត្តិការនៅក្បែរទីក្រុង Rafah។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤។
អាមេរិកដែលជាសម្ព័ន្ធមិត្តអន្តរជាតិធំបំផុតរបស់អ៉ីស្រាអែល បាននិយាយថា អ៉ីស្រាអែលប្រហែលជា បានប្រើប្រាស់អាវុធដែលខ្លួនផ្តល់ឱ្យ ក្នុងរបៀបដែលមិនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិឡើយ អំឡុងសង្រ្គាមរយៈពេល ជាង៧ខែមកនេះ នៅ Gaza ក៏ប៉ុន្តែបានបន្ថែមថា ទោះជាបែបនេះក៏ដោយ ខ្លួនពុំអាចឈានដល់ការសន្និដ្ឋាន ឱ្យជាក់ច្បាស់តែម្តងនោះទេ ដូច្នេះហើយគឺមិនរាំងខ្ទប់ការបញ្ជូនសព្វាវុធឡើយ។
ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ បានធ្លាក់ចុះមួយកម្រិតថែមទៀត ក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគំរាមផ្អាកការផ្តល់អាវុធមួយចំនួន ប្រសិនបើអ៉ីស្រាអែលនៅតែចចេស បើកប្រតិបត្តិការទ្រង់ទ្រាយធំ វាយលុកលើទីក្រុង Rafah។ អាមេរិកបានព្រមានថា ការខូចខាតកេរ្តិ៍ឈ្មោះដែលអ៉ីស្រាអែលនឹងត្រូវទទួលរង ប្រសិនបើហ៊ានវាយលុកទីក្រុង Rafah ជាទីដែលជនស៉ីវិលប្រមាណ១.៤លាននាក់ កំពុងជ្រកកោន នឹងមានទំហំធំខ្លាំង។
នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងម្តងហើយម្តងទៀតថា អ៉ីស្រាអែលមិនអាចយកឈ្នះលើក្រុមហាម៉ាស និងកម្ចាត់លទ្ធភាពនៃការកើតមានឡើងជាថ្មី នូវព្រឹត្តិការណ៍វាយប្រហារដ៏ប្រល័យ ដូចកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឡើយ ប្រសិនបើមិនបញ្ជូនកងទ័ពចូលវាយលុកទីក្រុង Rafah ដើម្បីបោសសំអាតក្រុមហាម៉ាស ទេនោះ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រសិនបើអ៉ីស្រាអែលនឹងត្រូវឈរតែឯង នោះអ៉ីស្រាអែលនឹងប្រយុទ្ធតស៊ូតែម្នាក់ឯង៕