(ប៉េកាំង)៖ ក្នុងអំឡុងពេលលោកប្រធានរដ្ឋចិន Xi Jinping បំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ី កាលពីឆ្នាំ២០១៦ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងរវាងចិនស៊ែប៊ី ឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។

បន្ទាប់ពីរំលងអស់រយៈពេល ៨ឆ្នាំ តើ "មិត្តភាពដែកថែប" រវាងចិននិងស៊ែប៊ីនឹងត្រូវលើកកម្ពស់លំដាប់ថ្នាក់ យ៉ាងដូចម្ដេច? ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសស៊ែប៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភាបានផ្តល់ចម្លើយ រួចហើយ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានរួមគ្នាប្រកាសអំពី ការធ្វើឱ្យស៊ីជម្រៅនិងលើកកម្ពស់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងស៊ែប៊ី ដើម្បីកសាងសហគមន៍រួមវាសនារវាងចិន និងស៊ែប៊ីក្នុងយុគសម័យថ្មី។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមអំពីករណីនេះ ហើយបានធ្វើការរៀបចំចាត់ចែង ដោយគ្រប់ជ្រុងជ្រោយក្នុងច្រើនវិស័យ។ ប្រទេសស៊ែប៊ីបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ ដែលរួមគ្នាកសាងសហគមន៍រួមវាសនា ជាមួយប្រទេសចិន ដែលបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវលក្ខណៈយុទ្ធសាស្ត្រ លក្ខណៈពិសេសនិងកម្រិតខ្ពស់ នៃទំនាក់ទំនងចិន-ស៊ែប៊ី។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ហើយប្រទេសស៊ែប៊ីក៏កំពុងជំរុញ ផែនការអភិវឌ្ឍន៍ ដូចជា "ស៊ែប៊ី ២០២៧ --ឆ្ពោះទៅរកអនាគត" ជាដើមផងដែរ។ សេចក្តីថ្លែងការណ៍រួមស្តីពីការកសាង សហគមន៍រួមវាសនា រវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី ដែលបានប្រកាសដោយប្រទេសទាំងពីរលើកនេះ បានឆ្លុះបញ្ចាំងពីទស្សនៈតម្លៃ និងការស្វែងរកគោលដៅរួមគ្នារបស់ភាគីទាំងពីរ ពោលគឺ រួមគ្នាស្វែងរកការអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះនិងធ្វើឱ្យគូភាគីមានភាពកាន់តែប្រសើរឡើង។

តើត្រូវកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ី ក្នុងយុគសម័យថ្មីតាមរបៀបណា? លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ភាគីយើងទាំងពីរត្រូវផ្តោតសំខាន់លើ លក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រកាន់ខ្ជាប់នូវភាពប្រាកដប្រជានៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាផ្សព្វផ្សាយភាពច្នៃប្រឌិតថ្មី នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គំនិតផ្តួចផ្តើម ៣ចំណុចទាំងនេះបានចង្អុលបង្ហាញទិសដៅ សម្រាប់ការបង្កើនចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ។

សំដៅចំពោះការប្រាស្រ័យទាក់ទងរវាងចិននិងស៊ែប៊ីនាពេលអនាគត ការគោរពគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក នៅតែជាមូលដ្ឋានគ្រឹះដដែល។ ជានិច្ចកាល ប្រទេសចិនតែងតែងគោរពយ៉ាងពេញលេញ នូវអធិបតេយ្យភាពនិងបូរណភាពដែនដី របស់ប្រទេសស៊ែប៊ី ហើយបាននិងកំពុងផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម របស់ប្រទេសស៊ែប៊ី។ ដោយឡែកប្រទេសស៊ែប៊ី គាំទ្រយ៉ាងមុតមាំចំពោះគោលជំហរស្របច្បាប់របស់ចិន លើបញ្ហាដែលពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូល ដូចជាតំបន់តៃវ៉ាន់ជាដើម ជាប់រហូតមក។

កិច្ចសហប្រតិបត្តិការដ៏ប្រាដកប្រជា គឺជាគន្លឹះនៃការបង្កើនចំណងមិត្តភាពរវាងចិននិងស៊ែប៊ី។ លើកនេះ ភាគីទាំងពីរ ចិននិងស៊ែប៊ី បានឯកភាពគ្នាថា មិនត្រឹមតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រពៃណី ដូចជា ពាណិជ្ជកម្មនាំចេញនាំចូល គមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យច្នៃប្រឌិតថ្មី ដូចជាភាពវៃឆ្លាតសិប្បនិមិ្មតជាដើមផងដែរ។

ដើម្បីគាំទ្រកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ី ក្នុងយុគសម័យថ្មី លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីវិធានការ ៦ ចំណុចក្នុងដំណាក់កាលដំបូងរបស់ចិន ដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនជាដើមដែលនឹងបំពេញបន្ថែម នូវកម្លាំងចលករថ្មីសម្រប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេភាគី ហើយធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ មានការប្រាស្រ័យទាក់ទងកាន់តែច្រើន ក៏ដូចជាផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតល្មួត។

ប្រទេសស៊ែប៊ីមានសុភាសិតមួយ ដែលលើកឡើងថា៖ មិត្តភក្តិគឺជាផ្លែផ្ការរបស់ពេលវេលា ។ បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង ពីស្ថានការណ៍ប្រែប្រួលអន្តរជាតិឥតឈប់ឈរ ការធ្វើឱ្យ "មិត្តភាពដែកថែប" រវាងចិននិងស៊ែប៊ីឡើងដល់កម្រិតថ្មី ថែមមួយកម្រិតទៀត គឺ ចំពេលវេលា។ ប្រការនេះនឹងជំរុញយ៉ាងខ្លាំងក្លាដល់ ដំណើរការធ្វើទំនើបកម្មរៀងៗខ្លួនរបស់ប្រទេសទាំងពីរចិន និងស៊ែប៊ីដែលមានអំណោយផល ដល់ការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ។ លោកប្រធានាធិបតី Vucic បានថ្លែងថា អនាគតរបស់ស៊ែប៊ីមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយប្រទេសចិន។ អាចប៉ាន់ប្រមាណថា "មិត្តភាពដែកថែប"រវាងចិននិងស៊ែប៊ី នឹងបញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន