(យូអិន)៖ នៅថ្ងៃសុក្រនេះ (ពេលវេលានៅអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ត្រូវគេរំពឹងថា នឹងសម្រេចផ្តល់ការគាំទ្រ ដល់កិច្ចប្រឹងប្រែងរបស់របស់ប៉ាឡេស្ទីន ស្តីពីការសុំចូលជាសមាជិកពេញសិទ្ធិរបស់ UN តាមរយៈការបោះឆ្នោតទទួលស្គាល់ថា ប៉ាឡេស្ទីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិ ហើយបញ្ជូនពាក្យស្នើសុំនោះត្រឡប់ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខ UN សាជាថ្មី ដើម្បីឱ្យក្រុមប្រឹក្សាសន្តិសុខ ពិចារណាអនុម័តយល់ព្រម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤។
ដែនដីប៉ាឡេស្ទីនកំពុងព្យាយាមសាជាថ្មី នូវការស្នើសុំក្លាយជាសមាជិកពេញសិទ្ធិ ក្នុងអង្គការសហប្រជាជាតិ ខណៈបើត្រូវបានយល់ព្រម វាស្មើនឹងទទួលស្គាល់ ប៉ាឡេស្ទីនជាប្រទេសផ្លូវការ បន្ទាប់ពីសហរដ្ឋអាមេរិក បោះឆ្នោតវេតូចំពោះសំណើនោះ នៅក្រុមប្រឹក្សាសន្តិសុខ កាលពីខែមេសា។ ការបោះឆ្នោតនាថ្ងៃសុក្រនេះ ដោយមហាសន្និបាត UN ដែលមានសមាជិក១៩៣ប្រទេស នឹងបម្រើជាការស្ទង់មតិអន្តរជាតិមួយ បង្ហាញពីសំឡេងគាំទ្រសម្រាប់ប៉ាឡេស្ទីន។
បើតាមគោលការណ៍កំណត់ សំណើសុំក្លាយជាសមាជិក UN ពេញសិទ្ធិ ជាដំបូងបំផុត គឺចាំបាច់ត្រូវតែទទួលបានការអនុម័តយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នសម្រេចចិត្តកំពូលរបស់ UN។ ខណៈមហាសន្និបាតតែឯង មិនអាចផ្តល់សមាជិកភាពពេញសិទ្ធិក៏ដោយក្តី សេចក្តីព្រាងដំណោះស្រាយ ដែលនឹងត្រូវដាក់ឱ្យបោះឆ្នោតនាថ្ងៃសុក្រនេះ នឹងផ្តល់ឱ្យប៉ាឡេស្ទីននូវសិទ្ធិ ក៏ដូចជាអត្ថប្រយោជន៍ពិសេស មួយចំនួនថែមទៀត ចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ទៅ ដូចជាកៅអីអង្គុយក្នុងចំណោមសមាជិក UN នៅសាលប្រជុំមហាសន្និបាត ប៉ុន្តែនឹងមិនទទួលបានសិទ្ធិបោះឆ្នោត នៅក្នុងមហាសន្និបាតនោះទេ។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងស្នើសុំសមាជិកភាព UN ពេញសិទ្ធិរបស់ប៉ាឡេស្ទីន កើតមានឡើង ចំពេលដែលសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza Strip បានអូសបន្លាយជាង៧ខែមកហើយ ព្រមទាំងចំពោះមុខការពង្រីក ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ ក្នុងដែនដីប៉ាឡេស្ទីនមួយទៀតគឺ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល ហើយត្រូវ UN ចាត់ទុកជាទង្វើខុសច្បាប់។ សព្វថ្ងៃនេះ ប៉ាឡេស្ទីន មានឈ្មោះត្រឹមជារដ្ឋសង្កេតការណ៍ មិនមែនសមាជិក ដែលជាឋានៈត្រូវបានផ្តល់ឱ្យដោយ មហាសន្និបាត UN កាលពីឆ្នាំ២០១២៕