(ស៊ូវ៉ា)៖ អគ្គរដ្ឋអាជ្ញារបស់ប្រទេសហ្វីជី បានឱ្យដឹងថា លោក Frank Bainimarama អតីតនាយករដ្ឋមន្រ្តីដែលធ្លាប់កាន់តំណែងដ៏យូ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំពីរារាំងដំណើរការយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ ២០២៤។

ដំបូងឡើយ លោក Bainimarama ត្រូវបានសម្រេចមិនឱ្យត្រូវជាប់ពន្ធនាគារឡើយ អំឡុងពេលនៃការកាត់ក្តី កាលពីខែមេសា មុនពេល​សាលក្រមនោះ ត្រូវប្រែក្រឡាស់វិញ ក្នុងបណ្តឹងឧទ្ធរណ៍។ បើតាមឯកសារតុលាការ លោកត្រូវបានរកឃើញថាមានពិរុទ្ធ នៅក្នុងខែនេះ ដោយតុលាការកំពូល ជុំវិញការប៉ុនប៉ងរារាំងដំណើរការយុត្តិធម៌ អំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី តាមរយៈការបញ្ជា ឱ្យស្នងការប៉ូលិស លោក Sitiveni Qiliho កុំឱ្យបើកការស៉ើបអង្កេតលើ ការចោទប្រកាន់ពីបទរពុករលួយ នៅឯសាកលវិទ្យាល័យ University of South Pacific។ ស្នងការប៉ូលិសរូបនោះ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំផងដែរ ក្នុងសវនាការ ជាមួយគ្នា ពីបទរំលោភអំណាច។

គួរបញ្ជាក់ថា លោក Bainimarama គឺជាអតីតប្រមុខយោធា និងបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ហើយក្រោយមក លោកបានឈ្នះការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ ២០១៤ និងឆ្នាំ ២០១៨៕