(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះបានសន្យាថានឹងរក្សាទំនាក់ទំនងរឹងមាំជាមួយអ៊ុយក្រែន រួមទាំងទំនាក់ទំនងល្អជាមួយរុស្ស៉ី ជាមួយការច្រានចោលលទ្ធភាពបញ្ជូនអាវុធដោយផ្ទាល់សម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ក្នុងនាមជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយ កូរ៉េខាងត្បូងត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបទទូចសុំជាយូរមកហើយឱ្យប្រឹងប្រែងបន្ថែមដើម្បីជួយ ទីក្រុងកៀវ។ ប៉ុន្តែ លោក Yoon បានប្រាប់អ្នកសារព័ត៌មានថាទីក្រុងសេអ៊ូល នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថានឹងមិនផ្ដល់អាវុធសម្លាប់ជីវិតមនុស្សទៅឱ្យប្រទេស ដែលកំពុងមានសង្រ្គាម ឬជម្លោះនោះទេ។ លោកបន្តថាប្រទេសរបស់លោកកំពុងប្រឹងប្រែងផ្ដល់ជំនួយមនុស្សធម៌ និងជំនួយសម្រាប់ស្ថាបនាប្រទេសឡើងវិញ ទៅឱ្យអ៊ុយក្រែន ស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។

មិនតែប៉ុណ្ណោះ បើតាមលោក Yoon ទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយរុស្ស៉ី កំពុងមានភាពរកាំរកូសដោយសារតែអ្វីដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន អះអាងថាការបញ្ជូនអាវុធពីកូរ៉េខាងជើងទៅឱ្យរុស្ស៉ីប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ «ការនាំចេញអាវុធរបស់កូរ៉េខាងជើង មិនត្រឹមតែគាំទ្រដល់សង្រ្គាម ខុសច្បាប់ក្នុងទំនាក់ទំនងជាមួយអ៊ុយក្រែនប៉ុណ្ណោះទេ តែវាក៏បានរំលោភបំពានផងដែរលើដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធនឹង អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Yoon។

តែទោះជាមានភាពតានតឹងជាមួយទីក្រុងមូស្គូ ជុំវិញកិច្ចព្រមព្រៀងអាវុធជាមួយកូរ៉េខាងជើងក៏ដោយ ក៏លោក Yoon និយាយថាលោកនឹងបន្តធ្វើការជាមួយរុស្ស៉ី ដែលលោកចាត់ទុកថាជាប្រទេសមួយមានទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូង ជាយូរណាស់មកហើយ៕