(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានបង្ហាញការគាំទ្រពេញទំហឹង និងសាមគ្គីភាព ជាមួយរុស្ស៉ី នៅក្នុងសារអបអសាទរទៅកាន់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃទិវាជ័យជម្នះដែលជាខួបលើកទី៧៩ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍នេះបានប្រារព្ធទិវាជ័យជម្នះរបស់សូវៀត លើកទ័ពណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ ខណៈទំនាក់ទំនងជាមួយលោកខាងលិចធ្លាក់ចូលក្នុងវិបត្តិ កាន់តែជ្រៅ ចំពោះមុខភាពរីកចម្រើនទៅមុខរបស់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិច។ ក្នុងលិខិតមួយផ្ញើជូនលោក ពូទីនដែល ត្រូវបានចេញផ្សាយដោយ KCNA លោក គីម ជុងអ៊ុន បានលើកឡើងដូច្នេះថា «ខ្ញុំសូមបង្ហាញការគាំទ្រពេញទំហឹង និងសាមគ្គីភាពជាមួយបុព្វហេតុដ៏ពិសិដ្ឋរបស់រុស្ស៉ី ហើយសង្ឃឹម ថាអ្នក និងកងទ័ព ព្រមទាំងប្រជាជនរុស្ស៉ីដ៏អង់អាចនឹងទទួលបានជ័យជម្នះ ក្នុងការតស៊ូយកជ័យជម្នះលើគោលនយោបាយអនុត្តរភាពរបស់ពួកចក្រពត្តិនិយម»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ដែល បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទាំងទីក្រុងមូស្គូ និងប៉េកាំងបានច្រានចោលការចោទប្រកាន់បែបនេះ ប៉ុន្តែបានសន្យាពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅ៕