(ព្រុចសែល)៖ បុគ្គលិកជាង ១០០ នាក់មកពីស្ថាប័នសហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែលកាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
ក្រុមបាតុករបានដាក់ក្រណាត់រុំពណ៌សចំនួនបី នៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការអឺរ៉ុបក្នុងទីក្រុងព្រុចសែល ដែលជានិមិត្តរូបនៃសាកសព។ ក្រណាត់រុំទាំងនោះដែលមានឆ្នូតក្រហម មានសរសេរឃ្លាដូចជា «ច្បាប់អន្តរជាតិ» «សន្ធិសញ្ញាសហភាពអឺរ៉ុប» និង «អនុសញ្ញាប្រល័យពូជសាសន៍» ដែលបានរិះគន់ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។
បាតុករម្នាក់ លោក Manus Carlisle សមាជិកគណៈកម្មាការសហភាពអឺរ៉ុប បាននិយាយថា ការតវ៉ានេះមានគោលបំណងការពារសិទ្ធិ គោលការណ៍ និងតម្លៃដែលគាំទ្រស្ថាប័នអឺរ៉ុប ដូចជាសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងសេរីភាព។ លោក Simona Balogova បាតុករម្នាក់ទៀតមកពីគណៈកម្មាធិការអឺរ៉ុបថ្នាក់តំបន់ បានសង្កត់ធ្ងន់ថាការតវ៉ានេះមិនមានបំណងជាសេចក្តីថ្លែងការណ៍នយោបាយទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញអំពីតម្លៃរបស់សហភាពអឺរ៉ុប។
ក្រុមបាតុករក៏បានសម្តែង ការព្រួយបារម្ភអំពីការស្លាប់ និងរបួសរបស់ជនស៊ីវិលនៅហ្គាហ្សា ខណៈដែលក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនជាង ៣៤,៨០០នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលសង្គ្រាមប្រាំពីរខែ។ ជម្លោះបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលបណ្តាលឱ្យមានការសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងការចាប់មនុស្សជាចំណាប់ខ្មាំង ២៥២នាក់៕