(ហ្គាហ្សា)៖ យោធាអ៊ីស្រាអែល កាលពីថ្ងៃពុធនេះបានប្រកាសបើកឡើងវិញនូវច្រក Kerem Shalom ចូលទៅក្នុងតំបន់ហ្គាហ្សា ដែលជាច្រកចូលដ៏សំខាន់សម្រាប់ជំនួយមនុស្សធម៌។ ការបើកដំណើរការឡើងវិញនេះ បន្ទាប់ពីមានការបិទវាកាលពីចុងសប្តាហ៍ ក្រោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ដែលបានបណ្តាលឲ្យទាហានអ៊ីស្រាអែលបួននាក់បានស្លាប់នៅក្បែរនោះ។ នេះបើយោងរតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
ទោះបីជាមានការបើកដំណើរការច្រកនេះ ឡើងវិញក៏ដោយ ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានរាយការណ៍ថា មិនទាន់មានជំនួយចូលដល់តំបន់ហ្គាហ្សានៅឡើយទេ ដោយសារតែគ្មានបុគ្គលិកណាទទួលធ្វើការ បន្ទាប់ពីការលុកលុយរបស់អ៊ីស្រាអែល ដែលបានចូលទៅគ្រប់គ្រងច្រកព្រំដែន Rafah ក្បែរនោះកាលពីថ្ងៃអង្គារ ដែលនៅបន្តបិទទ្វារ។
គួរជម្រាបថា ផ្លូវឆ្លងកាត់ Rafah គឺជាច្រកដ៏សំខាន់សម្រាប់ជំនួយមនុស្សធម៌តាំងពីយូរយារណាស់មកហើយ និងជាច្រកចូល និងច្រកចេញតែមួយគត់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា ខណៈដែលច្រក Kerem Shalom គឺដើរតួជាចម្បងសម្រាប់ការចេញចូលទំនិញ។
ការលុកលុយមានកំណត់របស់អ៊ីស្រាអែលលើទីក្រុង Rafah មិនបានបង្ហាញពីការចាប់ផ្តើមនៃការលុកលុយពេញលើទីក្រុងនេះ ដែលអ៊ីស្រាអែលបានគំរាមកំហែងពីមុនមកនោះទេ។ យ៉ាងណាក៏ដោយ ការបន្តបិទច្រកសំខាន់ទាំងពីរខាងលើ អាចធ្វើឲ្យស្ថានការណ៍មនុស្សធម៌នៅហ្កាហ្សាកាន់តែអាក្រក់ទៅៗ ដែលអង្គការសហប្រជាជាតិបានព្រមានអំពីទុរ្ភិក្សធ្ងន់ធ្ងរនៅភាគខាងជើង។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានផ្អាកការដឹកជញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែល ដោយសារការព្រួយបារម្ភថា អ៊ីស្រាអែលអាចនឹងឈានទៅដល់ការបើកការវាយលុកគ្រប់ជ្រុងជ្រោយលើទីក្រុង Rafah ដែលធ្វើឱ្យមានការបែកបាក់កាន់តែស៊ីជម្រៅរវាងសម្ព័ន្ធមិត្តទាំងពីរ៕