(សិង្ហបុរី)៖ សង្កាត់ Sathon ដែលជាមូលដ្ឋានពាណិជ្ជកម្មស្នូល នៃទីក្រុងបាងកកប្រទេសថៃ បានផ្ទុះឡើងនូវករណីឆ្លងវីរុស្ស Zika រហូតដល់ទៅ ៥១ករណី ហើយមនុស្សមួយចំនួនត្រូវបាន គេរកឃើញថា ទើបតែបានធ្វើដំណើរមកពីប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន DNN របស់ថៃ នាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។
តាមការអះអាងពីមន្ត្រីថៃបានឲ្យដឹងថា បុរសម្នាក់បានធ្វើដំណើរត្រឡប់មកពីប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ហើយបន្ទាប់មកលោកក៏បានចម្លងវីរុស Zika នេះទៅកាន់ភរិយាខ្លួនឯង ដែលជាស្ត្រីទើបតែសម្រាលកូនរួច។ អការៈរបស់ស្ត្រីរូបនេះ គឺមានកម្តៅរាងកាយកើនឡើង ភ្នែកក្រហម ឈឺសន្លាក់ និង កន្តួលលើស្បែក ហើយចំពោះទារករបស់នាងវិញ គឺមានសុខភាពធម្មតានោះទេ។
រហូតមកដល់ពេលនេះ អាជ្ញាធរក្រុងបាងកក កំពុងតែធ្វើការក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ជាពិសេសអ្នកដែលរស់នៅសង្កាត់ Sathon ត្រូវប្រុងប្រយ័ត្នចំពោះសត្វមូសខាំ។ ដោយឡែក ភ្នាក់ងារពេទ្យនឹងធ្វើការតាមដាននៅតំបន់ Sathon រយៈពេល ៣០ថ្ងៃទៀត។
សូមជំរាបថា ពីម្សិលមិញនៅសង្កាត់ Sathon ដដែលនេះបានផ្ទុះឡើងនូវករណីឆ្លងវីរុស្ស Zika ត្រឹមតែ ២១ករណី ប៉ុន្តែនៅពេលនេះកើនឡើងដល់៥១នាក់ហើយ៕