(កៀវ)៖ យោធា និងក្រុមមន្រ្តីថាមពលអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី មកលើអ៊ុយក្រែន បណ្តាលឱ្យរោងចក្រថាមពលមួយចំនួនរងការខូចខាត និងជាការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ ២០២៤។

លោក German Galushchenko រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា «មានការវាយប្រហារដ៏ធំមួយទៀត មកលើឧស្សាហកម្មថាមពលរបស់ប្រទេស»។ លោក Galushchenko បានបន្ថែមថា កន្លែងផលិត និងបញ្ជូនថាមពលនៅក្នុងតំបន់ Poltava, Kirovohrad, Zaporizhzhia, Lviv, Ivano-Frankivsk និងតំបន់ Vinnytsia ត្រូវបានកំណត់គោលដៅ។ ក្រៅពី Zaporizhzhia តំបន់ទាំងអស់នេះ សុទ្ធតែនៅឆ្ងាយពីសមរភូមិជួរមុខទាំងនៅភាគខាងកើត និងភាគខាងត្បូង។ ប្រតិបត្តិករថាមពលអ៊ុយក្រែន Ukrenergo ក៏បានឱ្យដឹងដែរថា បណ្តាញថាមពលក្នុងរោងចក្រមួយ នៅភាគកណ្តាលអ៊ុយក្រែន ក៏បានរងការខូចខាតផងដែរ។ នៅឯតំបន់ Poltava ភាគកណ្តាល អភិបាលតំបន់ លោក Filip Pronin និយាយថា រោងចក្រថាមពលមួយ ត្រូវបានវាយប្រហារដោយការវាយប្រហារដោយយន្តហោះដ្រូន ហើយបង្កជាអគ្គីភ័យ។ យោងតាមតាមព័ត៌មានបឋម គឺមិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់ ឬរបួសនោះទេ។

គួរបញ្ជាក់ថា រុស្ស៉ី នៅមិនមានការបញ្ជាក់ ជុំវិញការអះអាងរបស់ក្រុមមន្រ្តីអ៊ុយក្រែននោះទេ ខណៈសាក្សីរបស់ Reuters នៅទីក្រុងកៀវ បានរាយការណ៍ពីការផ្ទុះ ដែលទំនងដូចជាប្រព័ន្ធការពារស្ទាក់ចាប់ ការវាយប្រហារតាមដែនអាកាស៕