(ម៉ូស្គូ)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធររុស្ស៊ីបានប្រកាសពីការចាប់ខ្លួនពលរដ្ឋអាមេរិកពីរនាក់ ដែលម្នាក់ជាទាហានអាមេរិកបំពេញកាតព្វកិច្ច ក្នុងសំណុំរឿងព្រហ្មទណ្ឌដាច់ដោយឡែកពីគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
បុគ្គលម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Gordon Black ជាទាហានអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុង Vladivostok ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តិខុស និងចោរកម្ម។ ម្នាក់ទៀតឈ្មោះ William Russell Nycum ត្រូវបានឃុំខ្លួនក្នុងទីក្រុងមូស្គូពីបទចោទប្រកាន់ថា ជាមនុស្សទុច្ចរិត។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ករណីនេះមិនមានជាប់ពាក់ព័ន្ធនយោបាយអ្វីឡើយ ហើយក៏មិនពាក់ព័ន្ធនឹងចារកម្មដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សំដីរបស់អាជ្ញាធរតំបន់ថា បញ្ហានេះហាក់ដូចជារឿងព្រហ្មទណ្ឌធម្មតាទេ។
គួរជម្រាបថា ដំណើរការផ្លូវច្បាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ផ្នែកការទូតក្នុងរយៈពេលថ្មីៗនេះ។ ជាក់ស្តែងករណីពាក់ព័ន្ធគ្រឿងញៀនប្រឆាំងនឹងកីឡាករបាល់បោះ Brittney Griner ដែលត្រូវបានដោះលែងកាលពីឆ្នាំមុន តាមរយៈការផ្លាស់ប្តូរអ្នកទោស ព្រមទាំងករណីចារកម្មពាក់ព័ន្ធ នឹងអ្នកយកព័ត៌មានរបស់ការសែត Wall Street Journal ជាដើម៕