(គែរ)៖ គណៈប្រតិភូនៃមន្ត្រីថ្នាក់កណ្តាលរបស់អ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ ប៉ុន្មានខាងមុខទៀតនេះ ដើម្បីវាយតម្លៃសំណើបទឈប់បាញ់ចុងក្រោយបំផុតរបស់ក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
បើតាមប្រភពដដែលនេះ ឥស្សរជនជាន់ខ្ពស់មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់អ៊ីស្រាអែល Mossad និង Shin Bet មិនបានរួមដឹកនាំគណៈប្រតិភូនេះទេ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីរថក្រោះអ៊ីស្រាអែល បានចូលកាន់កាប់ច្រកព្រំដែនទីក្រុង Rafah ដែលឆ្លងកាត់រវាងអេហ្ស៊ីប និងហ្គាហ្សា។
មន្ត្រីអេហ្ស៊ីបត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរវាងភាគីទាំងពីរ ដោយជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅតំបន់ Rafah។ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែល ពីការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចាបទឈប់បាញ់ ជាមួយនឹងសកម្មភាពវាយប្រហាររបស់ខ្លួនម្តងហើយម្តងទៀត លើតំបន់ Rafah។
ប្រភពអ៊ីស្រាអែលដែលនិយាយដោយមិនបញ្ចេញឈ្មោះថា ភាគីអ៊ីស្រាអែលបានសម្តែងការមិនពេញចិត្តនឹងលក្ខខណ្ឌ ដែលបានស្នើឡើងរបស់ក្រុមហាម៉ាសសម្រាប់បទឈប់បាញ់។ ពួកគេអះអាងថា ក្រុមហាម៉ាស់កំពុងជំរុញឱ្យមានសម្បទានលើសពី អ្វីដែលអ៊ីស្រាអែលសុខចិត្តទទួលយក។
គួរជម្របាថា ក្នុងការទាមទាររបស់ក្រុមហាម៉ាស់ គឺទទូចឱ្យមានការដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ រួមទាំងឥស្សរជនខ្ពស់ដូចជា លោក Marwan Bargouti ផងដែរ។ លើសពីនេះ ក្រុមនេះទាមទារ ឱ្យបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចូលទំនិញចូលទៅក្នុងហ្គាហ្សា រួមទាំងទំនិញដែលអាចប្រើប្រាស់បានពីរមុខងារផងដែរ។ ចំណែកឯ ការដោះលែងចំណាប់ខ្មាំងត្រូវធ្វើជាដំណាក់កាល ដោយចាប់ផ្តើមពីបុគ្គលតែ ១៨នាក់ប៉ុណ្ណោះ ហើយនិងមានការដោះលែងបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែលបញ្ឈប់អរិភាពរបស់អ៊ីស្រាអែល៕