(ប៉ារីស)៖ ប្រធានាធិបតីបារាំង និងប្រធានគណៈកម្មការអឺរ៉ុប បានប្រាប់ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃចន្ទថា ពួកគេចង់ឱ្យគាត់ប្រើឥទ្ធិពលរបស់ខ្លួនលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈពេលដែលសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប នឹងមិនស្ទាក់ស្ទើរក្នុងការគាំទ្រទីក្រុងគៀវឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងទទួលស្វាគមន៍មេដឹកនាំចិន ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់អឺរ៉ុបក្នុងរយៈពេល៥ឆ្នាំ ដោយជួបពិភាក្សាជាមួយលោក និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងប៉ារីស ក្នុងគោលបំណងបង្ហាញជំហររួបរួមលើបញ្ហាផ្សេងៗ រួមទាំងពាណិជ្ជកម្ម និងស្ថានភាពនៅអ៊ុយក្រែន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ី ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មលើប្រទេសទាំងពីរ ដែលកាន់តែខ្លាំងឡើងបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
ក្នុងឆ្នាំ២០២៣ ពាណិជ្ជកម្មចិន-រុស្ស៊ីបានឈានដល់កំណត់ត្រាជាង ២៤០ពាន់លានដុល្លារ ដោយការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីកើនឡើង ៤៦.៩% ហើយការនាំចូលពីរុស្ស៊ីកើនឡើង ១៣% នេះបើយោងតាមទិន្នន័យគយចិន។
លើសពីទំនាក់ទំនងសេដ្ឋកិច្ច បណ្តាប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភ អំពីលទ្ធភាពដែលទីក្រុងប៉េកាំងផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងមូស្គូ និងការគេចវេសពីការដាក់ទណ្ឌកម្មដែលមានស្រាប់ លើទំនិញដែលប្រើប្រាស់សម្រាប់ពីរមុខងារ ទាំងស៊ីវិលផង និងយោធាផង។
គួរជម្រានថា ទោះបីជាមានការព្រួយបារម្ភអំពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងចិន និងរុស្ស៊ីក៏ដោយ ក៏លោក ស៊ី បានធានាឡើងវិញថា ប្រទេសចិនមិនមានចេតនាផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងមូស្គូនោះទេ។ បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងពិចារណាលើការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនចិនមួយចំនួន ប្រសិនបើការធានានេះ មិនត្រូវបានអនុវត្ត។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅពេលក្រោយនៅក្នុងខែឧសភា ដែលអាចជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីថ្មីរបស់គាត់៕