(ហ្គាហ្សា)៖ ប្រមុខការទូតរបស់សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះបានជំរុញឱ្យអ៊ីស្រាអែលបោះបង់ចោលនូវផែនការវាយប្រហារតាមផ្លូវគោកនៅទីក្រុង Rafah ដោយសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) និងសហគមន៍អន្តរជាតិត្រូវទទួលខុសត្រូវ ក្នុងការធ្វើអន្តរាគមន៍ និងទប់ស្កាត់សេណារីយ៉ូបែបនេះកុំឱ្យកើនមានឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
លោក Borrell បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ការបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ដល់ជនស៊ីវិលនៅក្រុង Rafah បង្ហាញពីភាពអាក្រក់បំផុតនៃសង្គ្រាម និងទុរ្ភិក្សកាន់តែច្រើន។ វាមិនអាចទទួលយកបានទេ»។
ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា «អ៊ីស្រាអែលត្រូវតែលះបង់ចោលការវាយលុកតាមផ្លូវគោក ហើយអនុវត្តដំណោះស្រាយលេខ UNSCR 2728 របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ...សហភាពអឺរ៉ុបជាមួយសហគមន៍អន្តរជាតិ អាច និងត្រូវតែ ធ្វើសកម្មភាពដើម្បីការពារសេណារីយ៉ូបែបនេះ កុំឱ្យកើតឡើ់ង»។
គួរជម្រាបថា នៅថ្ងៃចន្ទនេះផងដែរ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅទីក្រុង Rafah ប៉ុន្មានម៉ោងបន្ទាប់ពីមានការបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសចេញ ពីផ្នែកខ្លះនៃទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សារ ជាកន្លែងដែលមនុស្សជាងមួយលាននាក់ បានភៀសខ្លួនដោយសង្រ្គាម៕